សាលាដំបូងខេត្តកណ្ដាល ចេញសេចក្ដីបំភ្លឺបន្ទាន់ ក្រោយមានការលើកឡើងពីសំណុំរឿងកូនបំណុល និង សំណុំរឿង ស្រី ស៊ីណា ហាក់មិនស្មើភាព

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ បានចេញសេចក្តីបំភ្លឺ ស្តីពីចំណាត់ការនីតិវិធីច្បាប់ ទាក់ទងនឹងសំណុំរឿងឃាតកម្មកើតឡើងនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានជម្រាបឱ្យបានដឹងថា កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ មានគណនី Facebook ឈ្មោះ NalNeit SoPheak បានសរសេរថា «ឱកម្ពុជាខ្ញុំអើយ -ម្នាក់កូនបំណុល កាប់សម្លាប់មេបំណុលម្នាក់ ជាប់គុកមួយជីវិត – ឧកញ៉ាបាញ់សម្លាប់មនុស្ស ២ នាក់ ប្រើប្រាស់អាវុធខុសច្បាប់ ជាប់គុក ១០ឆ្នាំ -> ១៥ ឆ្នាំ»និង គណនី Facebook ឈ្មោះ Ma’orm Sre TV បានផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមថា «មហាជននាំគ្នាលើកឡើងព្រោងព្រាតថា បុរសម្នាក់ដែលកាប់ទៅលើស្ត្រីជាមេបំណុលស្លាប់នៅខេត្តកណ្តាល តុលាការកាត់ក្តីជាប់គុក មួយជីវិត/បែរជាអតីតឧកញ៉ាចិត្តខ្មៅ ស្រី ស៊ីណា បម្រុងនឹងបាញ់សម្លាប់មនុស្សទាំងអស់ សម្រេចឱ្យជាប់គុកពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ (អ្វីដែលសំខាន់គឺប្រើប្រាស់អាវុធខុសច្បាប់ទៀត)» ហើយព័ត៌មាននេះក៏ត្រូវបានចែករំលែកតៗគ្នាជាច្រើនទៀត។

ដើម្បីចៀសវាងការភាន់ច្រឡំចំពោះករណីសំណុំរឿងខាងលើនេះ អ្នកនាំពាក្យសាលាដំបូង និងអយ្យការ អមសាលាដំបូងខេត្តកណ្តាល បានធ្វើការបំភ្លឺជូនសាធារណជនដូចខាងក្រោម ៖

កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ ទាក់ទិននឹងករណីឃាតកម្ម ដែលមានជនត្រូវចោទ ឈ្មោះ ឡុង ឈាវ ហៅ ជាងឡាយ ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទឃាតកម្ម ប្រព្រឹត្តនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមនឹងការផ្តន្ទាទោស ដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ។ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងនានាដែលមានក្នុងសំណុំរឿង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ឡុង ឈាវ ហៅ ជាងឡាយ នៅពន្ធនាគារ ខេត្តកណ្តាល ជាបណ្តោះអាសន្ន ដើម្បីបន្តកិច្ចស៊ើបសួរ។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា គណនី Facebook ឈ្មោះ NalNeit SoPheak និង គណនី Facebook ឈ្មោះ Ma’orm Sre TV ដែលបានផ្សព្វផ្សាយព័ត៌មានខាងលើ ជាការផ្សព្វផ្សាយព័ត៌មានដោយបំភ្លៃការពិតទាំងស្រុង ពីព្រោះថា ទី១-សំណុំរឿងខាងលើគឺកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរ ដោយមិនទាន់បានបញ្ជូនសំណុំរឿងទៅជំនុំជម្រះនោះទេ ពោលគឺ មិនទាន់មានសាលក្រមសម្រេចផ្តន្ទាទោសនៅឡើយទេ និងទី ២ ផ្អែកលើបទចោទប្រកាន់របស់តំណាងអយ្យការ ជនល្មើសនឹងអាចប្រឈមមុខជាប់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង