ឯកឧត្តម ជុំ កុសល បានបង្ហាញការមិនអស់ចិត្តទាល់តែសោះជុំវិញរឿង ការចោទបទឃាតកម្មស-ម្លា/.ប់មនុស្សរបស់ជនដៃដល់ ស្រី ស៊ីណា ជាប់ពី ១០ ទៅ ១៥ ឆ្នាំ
បន្ទាប់ពីតំណាងអាយ្យការសម្រេចចោទប្រកាន់អតីតឧកញ៉ា ស្រី ស៊ីណា ពីបទល្មើសព្រហ្មទណ្ឌឃាតកម្មសម្លាប់មនុស្សដោយចេតនា (មិនគិតទុកមុន) ហើយបទចោទត្រូវជាប់ទោសក្នុងពន្ធនាគារត្រឹម ១០ ទៅ ១៥ ឆ្នាំនោះ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ នេះ ឯកឧត្តម ជុំ កុសល បានបង្ហាញការមិនអស់ចិត្តទាល់តែសោះជុំវិញរឿងនេះ រហូតលោកបានបញ្ចេញមតិក្នុងនាមពលរដ្ឋម្នាក់យ៉ាងវែងអន្លាយបង្ហាញពីចម្ងល់មួយឡើង។
ខាងក្រោមនេះជាការបញ្ចេញមតិរបស់ឯកឧត្តម ជុំ កុសល ជុំវិញករណីឃាតកម្មរបស់អតីតឧកញ៉ា ស្រី ស៊ីណា លើជនរងគ្រោះ។
“នៅតែមិនអស់ចិត្ត សូមបញ្ចេញមតិក្នុងនាមប្រជាពលរដ្ឋចំពោះការចោទ បទឃាតកម្មសម្លាប់មនុស្សដោយចេតនា( មិនគិតទុកជាមុន) ទោសដាក់ពន្ធនាគារពី១០ ទៅ ១៥ ឆ្នាំ ! ( មាត្រា១៩៩ក្រមព្រហ្មទណ្ឌ)។
– ករណីមួយនេះ ៖ បើនិយាយថាមិនគិតទុកជាមុនវាដូចជាមិនសមទំនងទាល់តែសោះ ពីព្រោះខ្មាន់កាំភ្លើងនិងជនរងគ្រោះមិនដែលស្គាល់គ្នាទាល់តែសោះពីមុនមក ឯទំនាស់គឺកើតឡើងរវាងតែអ្នកផ្ទះជាប់គ្នាគឺស្រ្តីពីរនាក់ម្តាយនិងកូនទេ ។
ក្រោយមានទំនាស់ ស្រាប់តែលេចមុខខ្មាន់កាំភ្លើងមកដល់ក្នុងផ្ទះគឺមកជាមួយនឹងកាំភ្លើង ពាក់អាវដៃវែងពីលើអាវយឺត ដើម្បីងាយស្រួលសៀតកាំភ្លើងនៅចង្កេះ ដើរចូលក្នុងផ្ទះជនរងគ្រោះប្រើសំដីធ្ងន់ៗដាក់ជនរងគ្រោះ ហើយបាញ់តែម្តង ។
ពេលបាញ់យុវជនដួលហើយ ខ្មាន់កាំភ្លើងមិនបានរត់ចេញទេ គឺបាញ់ទៅលើស្ត្រីថែមទៀតបាញ់ហើយបាញ់ទៀត បាញ់ទាំងបុគ្គលិក២នាក់កំពុងអង្គុយធ្វើការទៀត ។ យោងតាមចម្លើយរបស់ខ្មាន់កាំភ្លើងគឺគាត់ជាម្ចាស់ផ្ទះ មកអន្តរាគមន៍ករណីទំនាស់ ។ ពេលគាត់មកគឺបានយកកាំភ្លើងមកជាមួយតែម្តង សូម្បីតែរថយន្តគាត់ដែលជាមធ្យោបាយធ្វើដំណើរក៏ទុកនៅឆ្ងាយពីកន្លែងកើតហេតុ។
មានន័យថា ខ្មាន់កាំភ្លើងទទួលដំណឹងពីអ្នកជួលផ្ទះហើយគឺបានរៀបចំខ្លួនជាស្រេចក្នុងការធ្វើសកម្មភាពនេះ មានទាំងកាំភ្លើង ទាំងការទុករថយន្តពីចម្ងាយ ដើម្បីជាងាយស្រួលចល័តខ្លួនក្រោយធ្វើសកម្មភាព ។ តើបែបនេះអាចចាត់ទុកថា ឃាតកម្មមិនគិតទុកមុនបានទេ ? ។
ពាក្យថាមិនគិតទុកមុនគឺមានន័យថាមិនបានត្រៀមឧបករណ៍ អាវុធ មកជាមួយ នៅពេលមានប្រទូសរ៉ាយក៏សម្លាប់តែម្តង ។ ឯ ការបំបែកសំណុំរឿងជាពីរក៏មិនសមទំនងថែមទៀត អង្គហេតុកើតក្នុងពេលតែមួយសោះ ។
គ្រាន់តែចម្ងល់ទេបងប្អូន ពីព្រោះមាត្រា១៩៩ក្រមព្រហ្មទណ្ឌបទចោទឃាតកម្មសម្លាប់(មិនគិតទុកជាមុន) ទោសជាប់ពន្ធនាគារពី១០-ទៅ១៥ឆ្នាំ តែមាត្រា២០០ បទចោទឃាតកម្មសម្លាប់គិតទុកមុនជាប់អស់មួយជីវិត ។ ចំពោះរឿងរ៉ាវខាងលើនេះ តើសមចោទឃាតកម្មសម្លាប់មិនគិតទុកមុនទេ?” ៕