គង់ ចាន់ស្រីមុំ មុនគេ Unboxing ស៊ីផុយ តុក្កតាប្រ៊េនល្បីៗថ្លៃប៉ុនណា ហ៊ានទិញវាទាំងខ្នាតតូច ខ្នាតធំ ដាក់តាំងលម្អ និង យកតាមខ្លួន ដើម្បីបំពេញក្តីសុខរបស់ខ្លួន
តាមការបង្ហោះនៅលើបណ្តាញសង្គមជាហូរហែកន្លងមក ប្រិយមិត្តជាច្រើនតែងតែសរសើរតារាសម្តែង និង ជាពិធីការិនី គង់ ចាន់ស្រីមុំ ដែលជារឿយៗនាងតែងបង្ហាញជីវិតរីករាយ និង ឡូយឆាយ ជាមួយការដើរកម្សាន្តទៅកន្លែងលំដាប់ៗ ជាពិសេសនាងតែង unboxing របស់ប្រើប្រាស់ម៉ាកយីហោល្បីៗមានតម្លៃខ្ទង់ពាន់ខ្ទង់ម៉ឺនដុល្លារ។
ក្រៅពីជាតារានិយមប្រើប្រាស់សម្លៀកបំពាក់ និង គ្រឿងលម្អយីហោលំដាប់អន្តរជាតិហើយនោះ ទន្ទឹមគ្នានេះ នាងក៏តារាស្រីដែលនិយមទិញតុក្កតាប្រ៊េនល្បីៗតម្លៃថ្លៃផងដែរ។ ជាក់ស្តែង កន្លងមក នាងបាន Unboxing តុក្កតារបស់ក្រុមហ៊ុនតុក្កតាដ៏ល្បី POP MART ដែលក្នុងនោះមានដូចជា តុក្កតា Zimomo, តុក្កតា Space Molly និង តុក្កតា Labubu ដែលកំពុងល្បី ជាដើម។
ដូចប្រិយមិត្តបានដឹង តុក្កតាប្រភេទនេះជាតុក្កតាប្រ៊េនមានតម្លៃខ្ពស់ ខ្លះអាចខ្ទង់ ៣០០ ទៅ ៤០០ ដុល្លារ និង ខ្លះដល់ទៅជិត ១០០០ ពាន់ដុល្លារ អាស្រ័យទៅតាមទំហំ និងប្រភេទខូឡិកហ្សិន។ នេះអាចថាវាជាតម្លៃខ្ពស់មួយ ដែលយើងគ្រាន់តែទិញវាយកមកតាំងលម្អ ឬ ដាក់តាមខ្លួនប៉ុណ្ណោះ។ យ៉ាងណាមិញ បើចំពោះអ្នកស្រឡាញ់គេនឹងហ៊ានទិញមិនខ្វល់ពីការចំណាយឡើយ។ ជាក់ស្តែង ដូចជា គង់ ចាន់ស្រីមុំ នាងហ៊ានទិញវាទាំងខ្នាតតូច ខ្នាតធំ ដាក់តាំងលម្អ និង យកតាមខ្លួន ដើម្បីបំពេញក្តីសុខរបស់ខ្លួន៕