ត្រូវចែកធៀបការសោះ តែពេលនេះជីវិតគូដណ្ដឹងម្ចាស់ហាង Stella Picture ប្តូរពីធៀបការមកធៀបបុណ្យ ៧ ថ្ងៃវិញ

បើជារំលងផុតប៉ុន្មានថ្ងៃទៅហើយក្តី តែហេតុការណ៍ចូលបាញ់ប្រហារពីខ្មាន់កាំភ្លើងជាឧកញ៉ាម្នាក់ដល់ក្នុងផ្ទះ បង្កឱ្យមានជនរងគ្រោះសរុប ៤ នាក់ ក្នុងនោះ មានអ្នកស្លាប់ចំនួន ២ នាក់ត្រូវជាគូដណ្ដឹងនឹងគ្នា និង មានអ្នករបួសធ្ងន់ស្រាល ២ នាក់ នៅបុរីប៉េងហួត ស្ថិតក្នុងសង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅនោះ នៅតែជារឿងគួរឱ្យរន្ធត់នៅឡើយ។

យ៉ាងណាមិញ ពិធីបុណ្យសពរបស់ជនរងគ្រោះជាគូដណ្ដឹងខាងលើ ដោយខាងប្រុសមានឈ្មោះ ឡុង លីសុង ត្រូវជាម្ចាស់ហាង Stella Picture និង គូដណ្តឹងឈ្មោះ ឃីន កញ្ចនា បានរៀបចំបញ្ចុះរួចរាល់ហើយ ដោយសពអ្នកទាំង ២ ត្រូវបានក្រុមគ្រួសារបញ្ចុះក្បែរគ្នារួមផ្នូរតែមួយនៅឯស្រុកកំណើតខាងស្រី នាទឹកដីខេត្តកំពត។

ដោយឡែក អ្វីកាន់តែស្រណោះស្រណោកទៅទៀតនោះ កាលពីថ្ងៃបញ្ចុះសពនៅរសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅនេះ មហាជនអ្នកលេងបណ្តាញសង្គមបានបង្ហាញអារម្មណ៍ដ៏សោកសៅថា ភ្លេងហែជំនូនមកកាន់ផ្ទះកូនក្រមុំ ត្រូវបានប្ដូរទៅជាភ្លេងដង្ហែសពមកជួបជួនគ្នាក្នុងស្ថានភាពដ៏សោកសៅវិញ ខណៈអ្នកទាំង ២ រូប គ្រោងរៀបអាពាហ៍ពិពាហ៍នឹងគ្នានាខែតុលា ឆ្នាំ ២០២៤ ខាងមុខ។

លើសពីនោះ មកដល់បុណ្យ ៧ ថ្ងៃ ដែលនឹងត្រូវរៀបចំនៅថ្ងៃទី ២២ និង ទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ នេះទៀត ក្រុមគ្រួសារជនរងគ្រោះជាគូដណ្តឹងខាងលើ ក៏បានបង្ហោះធៀបអញ្ជើញបុណ្យសពគម្រប់ ៧ ថ្ងៃ និង ១០០ ថ្ងៃរបស់កូនប្រុសកូនស្រី ដោយតាមពិតទៅបើសិនគ្មានរឿងទេនោះ អាចពេលនេះនឹងត្រូវចែកធៀបការវិញផងក៏មិនដឹង។

សូមរំឭកផងដែរថា កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ មានករណីបាញ់ប្រហារមួយបង្កឡើងដោយឧកញ៉ាម្នាក់ ឈ្មោះ ស៉ីណា អាយុ ៥០ ឆ្នាំ ដែលបានចូលបាញ់ជនរងគ្រោះដល់ក្នុងផ្ទះ នៅក្នុងបុរីប៉េងហួត បឹងស្នោ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បង្កឱ្យមានជនរងគ្រោះសរុបក្នុងហេតុការណ៍ចំនួន ៤ នាក់ រួមមាន ឈ្មោះឡុង លីសុង អាយុ ២៧ ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ ២៦ ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ឈ្មោះ សុខុម រ៉ាចាណៈ អាយុ ២០ ឆ្នាំ មុខរបរអ្នកថតរូប (រងរបួស) និង ឈ្មោះ ហុង រិទ្ធធារ័ក្ស អាយុ ២៤ ឆ្នាំ មុខរបរអ្នកថតរូប (រងរបួសស្រាល)៕

អត្ថបទដែលជាប់ទាក់ទង