លែងពិបាក! ចាប់ពីថ្ងៃនេះទៅ ចង់ធ្វើ Passport អាចប្រើសេវាតាមអនឡាញបាន ដល់ថ្ងៃទៅសម្ភាសថតរូបបង់លុយតែម្ដង

ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅនេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីសេវាបន្ថែមលើការផ្តល់លិខិតឆ្លងដែន សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងផងដែរថា ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ មានកិត្តិយសសូមជូនដំណឹងដល់សាធារណជនអំពីសេវាបន្ថែមលើការផ្តល់លិខិតឆ្លងដែនដូចខាងក្រោម ៖

១. ដើម្បីកាត់បន្ថយពេលវេលារង់ចាំរបស់ប្រជាពលរដ្ឋនៅទីតាំងផ្តល់លិខិតឆ្លងដែន អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នឹងដាក់ឱ្យប្រើប្រាស់សាកល្បងនូវសេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ (Online) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយបងប្អូនប្រជាពលរដ្ឋអាចចូលទៅកាន់គេហទំព័រ សេវាអត្តសញ្ញាណកម្ម ឬ ស្កេន QR Code ខាងក្រោមដើម្បីបំពេញបែបបទ ៖ https://online.gdi.gov.kh/login

ក្រោយបំពេញបែបបទតាមប្រព័ន្ធអនឡាញរួច សាមីខ្លួនត្រូវអញ្ជើញទៅកាន់ទីស្នាក់ការ ឬ សាខាលិខិតឆ្លងដែនណាមួយតាមការកំណត់ ដើម្បីសម្ភាស ថតរូប ផ្តិតខ្មៅដៃ និង បង់សេវារដ្ឋបាល ដោយភ្ជាប់ជាមួយនូវពាក្យស្នើសុំ (តាមប្រព័ន្ធខាងលើ) និង ឯកសារយោង។

២. ចំពោះប្រជាពលរដ្ឋមានជំងឺធ្ងន់ ឬ ចាស់ជរា ឬ ពិការភាព ដែលពុំអាចធ្វើដំណើរទៅកាន់ទីតាំងផ្តល់ សេវាដោយផ្ទាល់បាន សមាជិកគ្រួសារ ឬ តំណាងអាចដាក់ពាក្យស្នើសុំទៅកាន់ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដោយភ្ជាប់ជាមួយនូវសំបុត្របញ្ជាក់ពីពេទ្យ ឬ រូបថតអំពីស្ថានភាពនៃអ្នកជំងឺ ឬ ស្ថានភាពអ្នកស្នើសុំ។ គំរូពាក្យស្នើសុំផ្តល់សេវាលិខិតឆ្លងដែនក្រៅទីតាំងផ្លូវការ មានភ្ជាប់ជូនក្នុង ឧបសម្ព័ន្ធ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងពិនិត្យចាត់ក្រុមការងារ ចុះផ្តល់សេវាដល់ទីតាំងរបស់សាមីខ្លួនដោយពុំគិតកម្រៃសេវាបន្ថែម សម្រាប់ទីតាំងនៅក្នុងរាជធានីភ្នំពេញ។

៣. សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានការងារមមាញឹកខ្លាំងនៅថ្ងៃធ្វើការ អាចអញ្ជើញទៅកាន់ ទីស្នាក់ការផ្តល់លិខិតឆ្លងដែននៅ ផ្សារទំនើបអ៊ីអន ២ សែនសុខ នៅថ្ងៃចុងសប្តាហ៍ (ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ) ដើម្បីទទួលសេវា។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទប្រចាំការសេវាអត្តសញ្ញាណកម្ម “១២៧១” រៀងរាល់ម៉ោងធ្វើការ (លើកលែងថ្ងៃឈប់សម្រាក)៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង