បុរសពាក់អាវសដឹកខ្មាន់កាំភ្លើងចេញពីបុរី ត្រូវកីឡាករ សែន រ៉ាឌី អះអាងថាជាប្អូនប្រុស ហើយគេមិនស្គាល់ជនបង្កទេ ត្រូវជនបង្កបក់ដៃសុំជិះជាមួយ
កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ មានករណីបាញ់ប្រហារមួយនៅក្នុងបុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ ដែលមានជនរងគ្រោះសរុបក្នុងហេតុការណ៍ចំនួន ៤ នាក់ ស្នាក់នៅផ្ទះកើតហេតុ រួមមាន ឈ្មោះ ឡុង លីសុង អាយុ ២៧ ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ ២៦ ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ឈ្មោះ សុខុម រ៉ាចាណៈ អាយុ ២០ ឆ្នាំ មុខរបរអ្នកថតរូប (រងរបួស) និង ឈ្មោះ ហុង រិទ្ធធារ័ក្ស អាយុ ២៤ ឆ្នាំ មុខរបរអ្នកថតរូប (រងរបួសស្រាល)។
ក្រោយកើតហេតុ ជនសង្ស័យត្រូវឃាត់ខ្លួនបាន និង បញ្ជូនទៅកាន់តុលាការក្នុងករណីនេះមានសរុបចំនួន ៣ នាក់រួមមាន ខ្មាន់កាំភ្លើងឈ្មោះ ស្រី ស៊ីណា និង អ្នកចូលរួមសកម្មភាពដឹកទៅបាញ់ និង ដឹកទៅគេចខ្លួនសរុប ២ នាក់ រួមមានឈ្មោះ សាន សុខចំរើន និង ទិន ទូច។
យ៉ាងណាមិញ សម្រាប់ឈ្មោះ ទិន ទូច ដែលជាបុគ្គលជិះម៉ូតូ Zoomer X ដឹកជនដៃដល់ចេញពីបុរីនោះ នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤ នេះ តាមរយៈគណនីកីឡាករប្រដាល់គុនខ្មែរ សែន រ៉ាឌី ដែលបានអះអាងខ្លួនជាបងប្រុស បានបង្ហោះសារមួយឱ្យដឹងថា ទិន ទូច ដែលជាប្អូនប្រុសបង្កើតរបស់លោក បានជាប់ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ក្នុងបុរីប៉េងហួតបឹងស្នោ កាលថ្ងៃទី ១៧ មិថុនា នោះ គឺរូបគេមិនបានស្គាល់ជនដៃដល់ឡើយ ដោយពេលនោះត្រូវបានជនបង្កសុំជិះជាមួយ ហើយប្អូនប្រុសលោកមិនបានដឹងថាជនបង្កបានបាញ់មនុស្សរួចទៅហើយទេ។
លោកបានបញ្ជាក់ឱ្យដឹងទៀតថា ប្អូនប្រុសរបស់លោកជាបុគ្គលិកធ្វើការក្នុងទីតាំងបុរីប៉េងហួត ចៃដន្យគាត់ជិះម៉ូតូក៏ត្រូវជនបង្កបក់ដៃសុំឱ្យជូនទៅមុខបុរី ដោយឃើញថាការស្លៀកពាក់របស់ជនបង្កត្រឹមត្រូវគាត់ក៏ជូនទៅ ហើយគាត់ទាំងពីរនាក់មិនបានស្គាល់គ្នាទេ។
កីឡាកររូបនេះ បានបន្តឱ្យដឹងទៀតថា ៖ «ថ្ងៃនេះប្អូនរបស់ខ្ញុំត្រូវបានបញ្ជូនទៅបំភ្លឺនៅតុលាការតាមនីតិវិធី ហើយរឿងក្ដីនេះគឺត្រូវពឹងលើមេធាវីដើម្បីការពារក្ដីឱ្យប្អូនប្រុសរបស់ខ្ញុំនៅក្រៅឃុំសិនសម្រាប់ការរង់ចាំការកាត់ក្ដីបន្ត ព្រោះគាត់ជាបុគ្គលិកស៊ីប្រាក់ខែគេទេ ហើយបើតាមសមត្ថភាពគ្រួសារខ្ញុំ គឺមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរកមេធាវីទេ ព្រោះរាល់ថ្ងៃខ្ញុំបើកក្លឹបប្រដាល់គុនខ្មែរជាមួយបងប្អូនខ្ញុំ គឺខ្ញុំសុំការឧបត្ថម្ភពីបងប្អូនដែលគាត់ស្រឡាញ់គុនខ្មែរប៉ុណ្ណោះ។ អ៊ីចឹងហើយពេលនេះខ្ញុំបាទ សែន រ៉ាឌី មានតែម្រាមដៃដប់ សូមស្នើសុំជួយពីបងៗដែលជាក្រុមមេធាវីស្ម័គ្រចិត្ត របស់សម្ដេច ហ៊ុន សែន និង បងៗក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យជួយការពាររឿងក្ដីរបស់ប្អូនប្រុសខ្ញុំបាទផង។ តែទោះបីជាយ៉ាងណា ខ្ញុំនៅតែជឿជាក់លើប្រព័ន្ធតុលាការស្រុកខ្មែរ ហើយក៏ជឿជាក់លើ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ 100% ថាលោកនឹងពិនិត្យលើសំណុំរឿងនេះដោយយុត្តិធម៌បំផុត ដោយក្ដីគោរពអំពីខ្ញុំ»៕