អាយុថ្លៃណាស់យុវជនទាំងពីររូប រសាត់អណ្តែតលើទូកជាង២៤ម៉ោងអត់បាយអត់ទឹក បានរកឃើញវិញហើយ!
ខេត្តព្រះសីហនុ៖ យុវជនទាំងពីររូប បានរសាត់អណ្តែតលើទូកជាង២៤ម៉ោងអត់បាយអត់ទឹក ពីសមុទ្រកោះរ៉ុងទៅដល់កោះព្រីង ទម្រាំរកឃើញនិងជួយសង្គ្រោះ ហើយបច្ចុប្បន្នអូបរ័ល្បឿនលឿនអ្នកឧកញ៉ា ទៀ វិចិត្រដឹកយកមកដល់ដីគោកវិញដោយសុវត្ថិភាពហើយ។
សុំបញ្ជាក់ថា ក្រោយដំណឹងពីការបាត់ខ្លួនទូកកន្ទុយវែងមួយគ្រឿង(ប្រភេទទូកទេសចរណ៍)ក្រោយធ្វើដំណើរចេញពីកោះរ៉ុងថាមកក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃ១៦មិថុនា២០២៤ ប្រធានគណបញ្ជាការឯកភាពខេត្តព្រះសីហនុ ឯកឧត្តមគួច ចំរើន បានចាត់ចែងបញ្ជាកម្លាំងសមត្ថកិច្ចចំរុះ សហការពីក្រុមការងារសប្បុរសធម៍ ធ្វើការស្រាវជ្រាវស្វងរក រហូតដល់រសៀលថ្ងៃ១៧មិថុនា២០២៤ ទើបប្រទះឃើញទូកនេះនៅម្តុំកោះព្រីង ដោយនៅលើទូកមានយុវជន២នាក់ ម្នាក់ជាអ្នកបើកបរទូក ម្នាក់ទៀតជាអ្នករួមដំណើរជាមួយ។
តាមយុវជនទាំង២ប្រាប់ថា ពេលកំពុងធ្វើដំណើរលើសមុទ្រ បានជួបភ្លៀង ខ្យល់រលក ខ្លាំង ទូកក៍រសាត់វង្វេងទិស អណ្តែតលើផ្ទៃសមុទ្រឆ្ងាយពីកោះរ៉ុងរហូតទៅដល់កោះព្រីង។ ជាចុងក្រោយយុវជនទាំង២ បានគោរពថ្លែងអំណរគុណចំពោះការជួយសង្គ្រោះនេះដូច្នេះដែរ៕
ប្រភព៖ លោក Huy Bunleng News