បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនបាននាំគ្នាសម្រុកទៅទស្សនា និងផ្ដិតយករូបភាពសមិទ្ធិផលថ្មី ជាប្រវត្ដិសាស្ដ្រ របស់ប្រទេសកម្ពុជា មិនដែលធ្លាប់មានពីមុនមក
ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣ ក្រោយពីបានទទួលជើងហោះហើរពាណិជ្ជកម្មដំបូង នៃអាកាសយានដ្ឋានអន្តរជាតិ សៀមរាប- អង្គរ ដែលគ្រោងនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំចិនផងដែរ ។ នៅពេលថ្មីៗនេះ យើងសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនបាននាំគ្នាសម្រុកទៅទស្សនា និងផ្ដិតយករូបភាពសមិទ្ធិផលថ្មី ជាប្រវត្ដិសាស្ដ្រ របស់ប្រទេសកម្ពុជា មិនដែលធ្លាប់មានពីមុនមក។
លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានប្រាប់នៅថ្ងៃទី២៣ខែ តុលា ឆ្នាំ២០២៣ នេះ ក្នុងនាមអាជ្ញាធរខេត្ដសៀមរាប មានការសប្បាយចិត្ដ ដែលឃើញប្រជាពលរដ្ឋបានមកទស្សនា និងសាទរនូវសមទ្ធិផលថ្មី នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប-អង្គរ ។
លោកបានបញ្ជាក់ថា អាជ្ញាធរខេត្ត បានសហការរៀបចំសណ្តាប់ធ្នាប់ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពងាយស្រួល ក្នុងការផ្ដិតយករូបភាពពីព្រលានយន្ដហោះថ្មីនេះផងដែរ ។ លោកបានគូសបញ្ជាក់ទៀតថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប- អង្គរ គឺជាសមិទ្ធិផលប្រវត្ដិសាស្ដ្រនៃប្រជាជាតិកម្ពុជា ដែលជាព្រលានយន្ដហោះ ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ដែលបានបង្ហាញខ្លួនដល់ប្រជា ពលរដ្ឋឃើញពីការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នីតិកាលទី៧នេះ ។
សូមបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរថ្មីនេះ គឺចាប់ផ្ដើមសាងសង់នៅដើមឆ្នាំ២០២០ រួចរាល់នៅឆ្នាំ២០២៣ ដែលចំណាយអស់ទឹកប្រាក់អស់ប្រមាណជិត ១ពាន់លានដុល្លារសហអាមេរិក លើផ្ទៃដីចំនួន១៧០០ហិកតា ហើយដីសម្រាប់សាងសង់ព្រលានយន្តហោះមានចំនួន៧០០ហិកតា និងផ្ទៃដីតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១០០០ ហិកតា ៕