សមត្ថកិច្ចចម្រុះចុះបង្ក្រាបរថយន្ត១គ្រឿង ដកហូតបានសាច់បង្កកផ្ទុកសារធាតុគីមីជាង ១តោន នៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ សមត្ថកិច្ចចម្រុះមកពីនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីសាខាគយ បានចុះចាប់រថយន្ត ១គ្រឿងបង្កប់សាច់បង្កកចម្រុះដែលមានសារធាតុគីមីជាង១តោន។ ការបង្ក្រាបសាច់បង្កកនេះបាននៅ  វេលាម៉ោង ៥ល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងចំណុចសាលាក្រហម ស្ថិតនៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ។

បើតាមការអះអាងពីមន្ត្រីចម្រុះ បានប្រាប់ភ្នាក់ងារព័ត៌មាន ថា ផលិតផលទាំងអស់នេះ ត្រូវបានឈ្មួញដឹកចេញពីប្រទេសថៃ លួចដឹកចូលមកប្រទេសកម្ពុជា តាមច្រកតាមច្រករបៀង ពុំមានឯកសារយោង និងលិខិតអនុញាតពីជំនាញផលិតកម្ម និងបសុព្យាបាល និងជំនាញជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទចេញឱ្យទេ។ ផលិតផលទាំងនោះ ភាគច្រើនបានខូចគុណភាពអស់ហើយ ព្រោះតែរក្សាទុកក្នុងសីតុណ្ហភាព ការវេចខ្ចប់មិនសមស្របនិងមានរយ:ពេលច្រើនថ្ងៃទៀតផង»។

សមត្ថកិច្ចដែលចុះបង្ក្រាបដោយផ្ទាល់ បានបន្ថែមថា ចំណែកម្ចាស់រថយន្តដែលទទួលដឹកទំនិញក៏គ្មានការអនុញាតច្បាប់អ្វីនោះដែរ ហើយក្នុងការបង្ក្រាបនោះសមត្ថកិច្ចចម្រុះ បានដកហូតផលិតផលសាច់បង្កក ដែលមានសាធាតុគីមី ចំនួន ១,២៥៤គីឡូក្រាម ក្នុងនោះជើងមាន់បង្កក ៨កេស មានទម្ងន់ ៥៦០គីឡូក្រាម, កោះមាន់បង្កក ៨កេស មានទម្ងន់ ៦២៤គីឡូក្រាម, ខួរគោបង្កក ១កេស មានទម្ងន់ ៥៦គីឡូក្រាម និងពោះវៀនជ្រូក ១កេស ទម្ងន់ ៧០គីឡូក្រាម។

ចំណែកផលិតផលខាងលើ ត្រូវសមត្ថកិច្ចចម្រុះបានធ្វើកំណត់ហេតុដកហូត រួចស្នើសុំគោលការណ៍នីតិវិធីពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីយកទៅកម្ទេចចោលតាមវិធានបសុពេទ្យ នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៤អស់ហើយ៕

អត្ថបទដែលជាប់ទាក់ទង