អត្តសញ្ញាណប័ណ្ណខ្មែរ មិនអាចថតធ្វើលើសពីម្តងទេ ក្នុងករណីបាត់ ឬ ខូច ត្រូវធ្វើតាមវិធីនេះ
កាលពីកន្លងទៅ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានបញ្ជាក់ឱ្យបានដឹងថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មិនអាចថតធ្វើលើសពីម្តងទេ ក្នុងករណីបាត់ ឬ ខូច សាមីខ្លួនអាចដាក់ពាក្យបណ្តឹង និង ស្នើសុំបោះពុម្ពជាថ្មីបាន។ ករណីហួសសុពលភាព សាមីខ្លួនត្រូវទៅបំពេញបែបបទថតធ្វើថ្មី។
ឧត្តមសេនីយ៍ឯករូបនេះ ធ្លាប់បានបញ្ជាក់កន្លងមកឱ្យដឹងថា ការស្នើសុំផ្តល់ថ្មី ប្តូរ ទុតិយតា ឬ កែតម្រូវ សាមីខ្លួនអាយុយ៉ាងតិច ១៥ ឆ្នាំ ត្រូវមានវត្តមានដោយផ្ទាល់ ដើម្បីបំពេញបែបបទ និង ភ្ជាប់ឯកសារមួយចំនួន តាមទីតាំងដូចខាងក្រោម ៖
ក. អំពីឯកសារត្រូវមាន៖
១. ករណីសុំផ្តល់ថ្មី ត្រូវមានឯកសារ
-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ដែលចេញដោយមន្ត្រីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ឬ ចេញដោយសាលាក្រុង ស្រុក ខណ្ឌ ដែលបានចុះបញ្ជី ឬចេញដោយនាយកដ្ឋានអត្រានុកូលដ្ឋាន
-សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម ឬច្បាប់ចម្លងមានបញ្ជាក់ត្រឹមត្រូវតាមច្បាប់ដើម)
២. ករណីផុត ឬជិតផុតសុពលភាព ត្រូវមានឯកសារ
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាព ឬមុនផុតសុពលភាពយ៉ាងច្រើន៩០ថ្ងៃ
-ឯកសារសំអាងផ្សេងៗ ករណីមានការកែតម្រូវទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឧទាហរណ៍ដូចជាអាសយដ្ឋាន ជាដើមដែលត្រូវភ្ជាប់ជាមួយសៀវភៅស្នាក់នៅ។
៣. ករណីបាត់ ត្រូវស្នើសុំទុតិយតា និង មានឯកសារ
ពាក្យបណ្តឹងបាត់ និងពាក្យស្នើសុំទុតិយតា ពីប៉ុស្តិ៍នគរបាលរដ្ឋបាលដែលស្នាក់នៅអចិន្ត្រៃយ៍
៤. ករណីខូច ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលខូច
៥. ករណីកែតម្រូវ ត្រូវមានឯកសារ
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលខុសទិន្នន័យ
-សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
-សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ និងឯកសារថតចម្លងដែលមានបញ្ជាក់ត្រឹមត្រូវតាមច្បាប់ដើម
-ករណីខ្លះទាមទារឯកសារគល់បញ្ជីអត្រានុកូលដ្ឋាន
-សេចក្តីសម្រេចកែតម្រូវ ចេញដោយមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ
-ឬសេចក្តីសម្រេចរបស់តុលាការ ដែលមានការទទួលស្គាល់ឱ្យកែតម្រូវពីនាយកដ្ឋានអត្រានុកូលដ្ឋាន។ល។
៦. ករណីស្ទួនខ្ចៅដៃ សូមទំនាក់ទំនងផ្ទាល់មកកាន់ការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬមកនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីដោះស្រាយ។
ខ. ទីតាំងផ្តល់សេវា
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអាចធ្វើនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬ នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ នៅសាខាអត្តសញ្ញាណប័ណ្ណផ្សារទំនើប AEON2 ។ សាខាអត្តសញ្ញាណប័ណ្ណផ្សារទំនើប AEON2 មានបម្រើសេវាបន្ថែមថ្ងៃសៅរ៍ និងអាទិត្យ លើកលែងតែថ្ងៃបុណ្យជាតិ។ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមិនអាចថតធ្វើលើសពីមួយដងទេ ក្នុងករណីបាត់ ឬ ខូច លោកអ្នកអាចដាក់ពាក្យបណ្តឹង និងស្នើសុំទុតិយតាបាន។ ករណីហួសសុពលភាព សាមីខ្លួនត្រូវទៅបំពេញបែបបទថតធ្វើថ្មី៕
ប្រភព ៖ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង