ករណីកូន ឬ សមាជិកគ្រួសារខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត ចង់កែក្នុងសៀវភៅគ្រួសារ អាចទាក់ទងតាមវិធីនេះ
ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាពេលថ្មីៗនេះបានចែករំលែកចំណេះដឹងជូនទៅកាន់សាធារណជន អំពីការកែតម្រូវទិន្នន័យផ្សេងៗក្នុងសៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសារ។
ឧត្តមសេនីយ៍ឯក អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ឱ្យដឹងថា មេគ្រួសារ ឬ អ្នកតំណាង ត្រូវស្នើសុំធ្វើការកែតម្រូវទិន្នន័យផ្សេងៗ ដូចជា ខុសអក្ខរាវិរុទ្ធលើនាមត្រកូល ឬ នាមខ្លួន ខុសថ្ងៃខែឆ្នាំកំណើត ឬ ទិន្នន័យផ្សេងៗទៀត ទៅកាន់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ដែលក្នុងនោះត្រូវមានភ្ជាប់ជាមួយនូវឯកសារមួយចំនួនមកបញ្ជាក់ ស្របតាមមូលហេតុនៃការស្នើសុំរួមមាន សេចក្តីចម្លងសំបុត្រកំណើត ឬ សំបុត្របញ្ជាក់កំណើត ឬ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ សញ្ញាបត្រមកបញ្ជាក់។
សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬ សាកសួរព័ត៌មាន ឬ ទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ ដែលមានមន្ត្រីជំនាញរង់ចាំទទួលផ្តល់ព័ត៌មាន និង ដោះស្រាយជូន៕
ប្រភព ៖ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង