អគ្គិភ័យដ៏រន្ធត់មួយបានកើតមានឡើង ក្នុងអគារស្នាក់នៅរបស់កម្មករនៅក្រុង Mangaf ប្រទេសគុយវ៉ែត ដែលបណ្ដាលឱ្យមនុស្សរាប់សិបនាក់ស្លាប់ និង រងរបួស
ហេតុការណ៍អគ្គិភ័យដ៏រន្ធត់មួយបានកើតមានឡើងកាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) ក្នុងអគារស្នាក់នៅរបស់កម្មករនៅក្រុង Mangaf ប្រទេសគុយវ៉ែត ដែលបណ្ដាលឱ្យមនុស្សរាបសិបនាក់ស្លាប់ និង រងរបួស។
តាមការបញ្ជាក់ពីខាងក្រសួងមហាផ្ទៃប្រចាំប្រទេសគុយវ៉ែត បានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះឡើងនៅព្រឹកព្រលឹម នាតំបន់អគារស្នាក់នៅរបស់កម្មករក្នុងក្រុង Mangaf ភាគខាងត្បូងប្រទេស។ ទិដ្ឋភាពជាក់ស្ដែងដែលថតបាន បង្ហាញឱ្យឃើញអគ្គិភ័យយ៉ាងសន្ធោសន្ធៅ ឆេះចេញពីជាន់ក្រោមទៅ ខណៈផ្សែងខ្មៅខ្មួលខ្មាញ់សាយភាយចេញពីគ្រប់ជាន់នៃអគារ។
តាមមន្ត្រីជាន់ខ្ពស់ប្រចាំផ្នែកពន្លត់អគ្គិភ័យបានរៀបរាប់ថា ៖ «ភ្លើងឆេះអគារ ចំពេលដែលមនុស្សជាច្រើនកំពុងស្នាក់នៅក្នុងនោះ។ ពួកយើងបានព្យាយាមសង្គ្រោះបានមួយចំនួន ប៉ុន្តែជាអកុសល ជនរងគ្រោះជាច្រើនបានស្លាប់ដោយសារតែហិតស្រូបផ្សែងភ្លើង»។ គួរឱ្យដឹងថា តាមការបញ្ជាក់ពីខាងមន្ត្រី យ៉ាងហោចណាស់មនុស្ស ៣៥ នាក់បានស្លាប់ និង ជាង ៣០ នាក់ផ្សេងទៀតរងរបួស។
យ៉ាងណាមិញ ក្រោយមកឧបនាយករដ្ឋមន្ត្រីប្រចាំប្រទេសគុយវ៉ែត Fahd AI-Yousef បានឱ្យដឹងថា មនុស្សស្លាប់សរុបមានចំនួន ៤១ នាក់។ បច្ចុប្បន្នភ្លើងត្រូវបានខាងក្រុមពន្លត់អគ្គិភ័យគ្រប់គ្រងបានទាំងស្រុង និង កំពុងតែដាក់ការស្រាវជ្រាវរកមូលហេតុបង្កជាការឆាបឆេះឡើង៕