ភ្លើងឆេះផ្សារត្រីចតុចក្រ ឆេះតូបលក់អស់ ១១៨ តូប ហើយសត្វរាប់ពាន់ក្បាលត្រូវឆេះងាប់
នៅវេលាម៉ោងប្រមាណជាង ៤ ទៀបភ្លឺ ចូលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៤ នេះ មានអគ្គិភ័យមួយបានឆាបឆេះយ៉ាងខ្លាំងនៅផ្សារត្រីចតុចក្រ នាទីក្រុងបាងកក ប្រទេសថៃ ដែលបង្កឱ្យមានការខូចខាតតូបលក់សត្វចិញ្ចឹមរហូតដល់ទៅ ១១៨ តូបឯណោះ។
ក្នុងគ្រោះអគ្គិភ័យនេះ អាជ្ញាធរបានរួសរាន់ចុះទៅអន្តរាគមន៍ពន្លត់បានសម្រេច ប៉ុន្តែតូបចំនួន ១១៨ តូបដែលនៅក្នុងផ្សារត្រូវទទួលរងការខូចខាតទាំងអស់។ ការខូចខាតរួមមានសត្វចិញ្ចឹមជាច្រើនប្រភេទ រាប់ពាន់ក្បាល មានដូចត្រី ឆ្កែ ឆ្មា ទន្សាយ អណ្តើក ស្វា បក្សី ដែលសុទ្ធតែជាសត្វមានតម្លៃថ្លៃ និង នាំចូលមកពីក្រៅប្រទេសទាំងអស់។
ដោយឡែក អាជ្ញាធររៀបចំកន្លែងឱ្យម្ចាស់តូបនីមួយៗមកចុះឈ្មោះ ដើម្បីត្រួតពិនិត្យទៅលើទឹកប្រាក់នៃការខូច ដែលក្នុងនោះគេបានរំពឹងថាមិនក្រោមជាងរាប់លានបាតនោះទេ។ យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នេះពុំការគ្រោះថ្នាក់ដល់មនុស្សឡើយ ហើយអាជ្ញាធរក៏កំពុងតែស្រាវជ្រាវរកមូលហេតុនៃអគ្គិភ័យនេះផងដែរ៕