មានករណីជនសង្ស័យមានគ្នាមួយក្រុមជិះម៉ូតូ២គ្រឿង បានធ្វេីសកម្មភាពឆក់កាបូបពីស្ត្រីមានផ្ទៃពោះម្នាក់ រួចជិះគេចខ្លួនបាត់អស់
ភ្នំពេញ ៖ មានករណីជនសង្ស័យមានគ្នាមួយក្រុមជិះម៉ូតូ២គ្រឿង បានធ្វេីសកម្មភាពឆក់កាបូបពីស្ត្រីមានផ្ទៃពោះម្នាក់ កំពុងជិះម៉ូតូម៉ាក Wave តាមផ្លូវតែម្នាក់ឯង បណ្ដាលឲ្យដួលម៉ូតូ ត្រូវរបួសរលាត់ដៃជេីងបែកមុខបែកមាត់ និងត្រូវពោះចុកឆ្អល់ ចំណែកកាបូបជ្រុះនៅក្បែរនោះត្រូវបានបក្ខពួកជនសង្ស័យដែលជាអ្នកបិទគូទរេីសយកទៅរួចជិះគេចខ្លួនបាត់អស់ ដោយនៅក្នុងកាបូបមានទូរស័ព្ទមួយគ្រឿង និងលុយជាង៦ម៉ឺនរៀល និងលុយក្នុងកុងធនាគារជាច្រេីនទៀត(សង្ស័យលុយសន្សំទុកសម្រាលកូន) ។
ករណីចោរឆក់កាបូបនេះស្ថិតនៅចំណុចមុខធនាគារអេស៊ីលីដា ជិតក្រសួងព័ត៍មាន ផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីម៉ោង០៥:៣០នាទីព្រឹកព្រលឹម ថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣នេះ ។
បេីតាមប្រភពព័ត៍មានពីពលរដ្ឋជាអ្នកដំណេីរបានប្រាប់មកអ្នកយកព័ត៍មាន យេីងថា ហេតុការណ៍នេះ ពុំមានសមត្ថកិច្ចណាចុះជួយអន្តរាគមន៍ឡេីយ ហេីយស្ត្រីរងគ្រោះត្រូវបានប្រជាពលរដ្ឋជាអ្នកដំណេីរនាំគ្នាជួយសង្គ្រោះបឋម និងឲ្យខ្ចីទូរស័ព្ទទាក់ទងទៅបុរសជាប្ដី និងរចាំប្ដីមកទទួលយកទៅមន្ទីរពេទ្យដេីម្បីពិនិត្យសុខភាពនិងព្យាបាលរបួសគួរឲ្យសង្វេក ។
ក្រោយកេីតហេតុស្ត្រីរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងទេ ហេីយនៅចំណុចកេីតហេតុ មានកាមេរ៉ាសុវត្ថិភាពនៅមុខច្រកចេញចូលធនាគារអេស៊ីលីដា ដូច្នេះ អាចជាតម្រុយមួយក្នុងការស្រាវជ្រាវរបស់សមត្ថកិច្ចពាក់ព័ន្ធផងដែរ ៕