ប៉ុន្មានថ្ងៃទៀត នឹងមានអុជកាំជ្រួច អបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះវររាជមាតាជាតិខ្មែរ យាងចូល ៨៩ ព្រះវស្សា

គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៤ បានចេញផែនការណែនាំស្ដីពីការរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម ៨៨ យាងចូល ៨៩ ព្រះវស្សា។

គណៈកម្មការ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងប្រជារាស្ត្រទូទាំងប្រទេស តែងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្របតាមព្រះរាជប្បវេណី ពីបុរាណ និងប្រពៃណីសាសនា។

ឆ្នាំនេះផងដែរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងប្រព្រឹត្តិទៅនៅថ្ងៃអង្គារ ១២ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៤ ដែលក្នុងនោះគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានធ្វើការណែនាំដល់ក្រសួងស្ថាប័នផ្សេងៗ រួមមានក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ដែលត្រូវណែនាំដល់អង្គភាពក្រោមឱវាទ ឱ្យសហការការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ បង្កលក្ខណៈជូនប្រជារាស្ត្រកម្សាន្តសប្បាយ និងចាត់ចែងការអុជកាំជ្រួច នៅយប់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៤ ដើម្បីអបអរសាទរ ទិវាដ៏ឧត្តុង្គឧត្តមនេះ៕

សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖

 

អត្ថបទដែលជាប់ទាក់ទង