ទន្លេសិប្បនិម្មិតឬអាងតាវ៉ាន់ នឹងក្លាយជាតំបន់សក្ដានុពលទេសចរណ៍នាថ្ងៃអនាគត
ដំបូងបំផុតនៅក្នុងអារម្មណ៍របស់យើងពេលឮឈ្មោះថា “ទន្លេសិប្បនិមិ្មត” យើងនឹងស្រមៃដល់ដងទន្លេដ៏វែងអន្លាយបត់បែនទៅតាមស្ថានភាពនៃភូមិសាស្រ្ត និងប្របទៅដោយភោគផលកសិកម្មមានពណ៌ខៀវស្រងាត់គ្រប់រដូវ ។ ប៉ុន្តែទន្លេសិប្បនិម្មិតនៅទីនេះមិនដូចយើងនឹកស្រមៃនោះឡើយ។ តែវាគឺជាអាង ឬកូនបឹងតូចច្រឡឹងមួយស្ថិតនៅក្នុងតំបន់បុរីប្រជុំជននៃខេត្តត្បូងឃ្មុំ ។
លោក គង់ ឈុនលី នាយករងរដ្ឋបាលសាលាខេត្តត្បូងឃ្មុំបានឱ្យដឹងថា “ទន្លេសិប្បនិមិ្មត” មានឈ្មោះដើមថា “អាងតាវ៉ាន់” ជាកន្លែងមានប្រភពទឹកចេញដោយធម្មជាតិ។ ប៉ុន្តែបន្ទាប់ពីអាងតាវ៉ាន់ ត្រូវបានរដ្ឋបាលខេត្តអភិវឌ្ឍន៍ ទីនេះបានផ្លាស់ប្តូររូបរាងថ្មីហើយក៏ត្រូវបានប្រជាពលរដ្ឋមួយចំនួនដាក់ឈ្មោះថ្មីថា “ទន្លេសិប្បនិម្មិត”។ មូលហេតុដោយសារតែអាងតាវ៉ាន់ ដែលមានរាងដូចជាកូនបឹងមួយ បានក្លាយទៅជាមានរាងទ្រវែងបត់បែនប្រវែងជិតពីរគីឡូម៉ែត្រ។ ដោយហេតុនេះ ទើបអាងតាវ៉ាន់មានឈ្មោះរហូតដល់ទៅពីរ គឺមួយអាងតាវ៉ាន់ ដែលភាគច្រើនជាមនុស្សចាស់ដែលរស់នៅតំបន់នេះយូរមកហើយ និងទីពីរ ទន្លេសិប្បនិម្មិត ដែលក្មេងៗបច្ចុប្បន្ន ស្គាល់។ ទន្លេសិប្បនិមិ្មតមានទីតាំងស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ទីរួមខេត្តត្បូងឃ្មុំ មានផ្ទៃក្រឡា ៤៥.៤ ហិកតា ប្រវែង ១៨០០ម៉ែត្រ និងទទឹងជាមធ្យម ៤០០ម៉ែត្រ, អាចផ្ទុកទឹកបាន ៣លានម៉ែត្រគូប ។បច្ចុប្បន្នជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋជាងប្រាំម៉ឺននាក់ទៀតផង ។
លោក ឈុនលី បានពន្យល់អំពីការអភិវឌ្ឍអាងតាវ៉ាន់ថា ក្នុងគោលបំណងប្រែក្លាយប្រភពធនធាននៅទីនេះឱ្យកាន់តែមានសារៈប្រយោជន៍សម្រាប់សេដ្ឋកិច្ច ទេសចរណ៍ និងការរស់នៅ ទីស្ថាននេះត្រូវបានកាយពង្រីកនៅឆ្នាំ២០១៤ ហើយបានបញ្ចប់ការដ្ឋាននៅចុងឆ្នាំ២០១៦ ។ ថវិកាសាងសង់ទន្លេសិប្បនិមិ្មតនេះដែរ គឺជាថវិការបស់រដ្ឋទាំងស្រុងដែលចំណាយសរុបចំនួន ២០លានដុល្លារអាមេរិក។
ក្រោយការអភិវឌ្ឍទន្លេសិប្បនិមិ្មតឬអាងតាវ៉ាន់ មិនត្រឹមតែជាប្រភពផ្គត់ផ្គង់ទឹក ជាជម្រកនៃមច្ឆជាតិ វារីជាតិប៉ុណ្ណោះទេ តែទីនេះកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងតំបន់ នៅក្នុងខេត្តផ្ទាល់និងអ្នកធ្វើដំណើរកម្សាន្តមកពីទីកន្លែងដទៃលើសម្រស់ដ៏ស្រស់ត្រកាលនៃទន្លេសិប្បនិម្មិត។ អាងតាវ៉ាន់បានក្លាយរមណីយដ្ឋានទេសចរណ៍មួយក្នុងមូលដ្ឋាន ហើយនឹងក្លាយទៅរមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញរបស់ខេត្តត្បូងឃ្មុំនាថ្ងៃអនាគត។
នាយករងរដ្ឋបាលសាលាខេត្តត្បូងឃ្មុំបានបន្ថែមថា ក្រៅតែពីបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បច្ចុប្បន្នទន្លេសិប្បនិមិ្មតបានក្លាយជាផលិតផលទេសចរណ៍ដ៏សំខាន់មួយនៅក្នុងទីរួមខេត្ត ។ រដ្ឋបាលខេត្តបានរៀបចំលម្អដោយសួនច្បារ រុក្ខជាតិធំតូច ភ្លើងបំភ្លឺផ្លូវសាធារណៈនៅជុំវិញទន្លេ។ ក៏មានការសាងសង់ស្តង់សម្រាប់សម្រួលដល់អាជីវករលក់ដូរចំនួនជាង២០ស្តង់ទៀតផង ។ ការរៀបចំនៅទីនេះដើម្បីបម្រើឱ្យវិស័យទេសចរណ៍ និងជាទីកន្លែងហាត់ប្រាណសម្រាប់សាធារណជន។
លោក គង់ ឈុនលី បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោកមានចក្ខុវិស័យទៅថ្ងៃអនាគត នឹងប្រែក្លាយតំបន់ទន្លេសិប្បនិមិ្មតនេះ ឱ្យក្លាយទៅជាតំបន់ វៃឆ្លាត(Smart area)។ មានន័យថា ជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគ្រប់គ្រាន់ សន្តិសុខសណ្ដាប់ធ្នាប់រឹងមាំ ព្រមទាំងមានបំពាក់សេវាអ៊ិនធឺណិតសាធារណៈ សម្រាប់ភ្ញៀវទេសចរ ក៏ដូចជាសិស្សនិស្សិតអាចទៅអង្គុយលេងលម្ហែកាយផង និងអាចស្រាវជ្រាវធ្វើកិច្ចការសាលាបានផង ៕
ប្រភព៖ ក្រសួងព័ត៌មាន