អ្នកលេងបណ្តាញសង្គមមួយចំនួនគិតថា វណ្ណដា និង Lauryn បែកបាក់គ្នាហើយ មានអីខាងស្រីឆ្លើយតបបែបនេះ ក្រោយមានអ្នកសួរនាំច្រើន
មួយរយៈក្រោយនេះ អ្នកគាំទ្រកំពូលតារាចម្រៀងរ៉េប វណ្ណដា ច្បាស់ជាបានដឹងមកហើយ លោកហាក់កំពុងមមាញឹកខ្លាំងក្នុងការបង្ហាញវត្តមានលើឆាកប្រគំតន្ត្រីធំៗតាមបណ្តាខេត្តក្រុងនានា។ លើសពីនោះ កន្លងមកលោកក៏បានជម្រាបដែរថា លោកនឹងមិនសូវបង្ហាញសកម្មភាពលើបណ្តាញសង្គមនោះទេ ដោយសារលោកកំពុងតែសម្រុកផលិតចម្រៀងសម្រាប់អាល់ប៊ុមថ្មីទៀត។
ងាកមកកាន់គូស្នេហ៍របស់តារាចម្រៀងរ៉េប វណ្ណដា ក៏ដូចគ្នាដែរ ឃើញថាក្នុងឆ្នាំ ២០២៤ នេះ កញ្ញា Lauryn ហាក់សម្រុកខ្លាំងលើអាជីវកម្មផ្ទាល់ខ្លួន ដោយកញ្ញាបានបង្កើតប្រ៊េនផលិតផលថែស្បែកផ្ទាល់ខ្លួន។ លើសពីនោះ ថ្មីៗនេះ Lauryn ក៏ហាក់មមាញឹកខ្លាំងក្នុងការថតស្បតពាណិជ្ជកម្មនានាផងដែរ។
ស្របពេលមមាញឹករៀងខ្លួន ព្រមទាំងមិនសូវបង្ហាញសកម្មភាពនៅក្បែរគ្នាដូចមុន ស្រាប់តែថ្មីៗ មានអ្នកលេងបណ្តាញសង្គមមួយចំនួនគិតថា វណ្ណដា និង Lauryn បែកបាក់គ្នាហើយ។
យ៉ាងណាមិញ កំពុងតែផ្ទុះការសង្ស័យនោះ ក៏មានអ្នកគាំទ្របានសួរនាំដល់កញ្ញា Lauryn នៅលើគណនី IG ពីសុខទុក្ខ និង ទំនាក់ទំនងរបស់នាង និង តារាចម្រៀងរ៉េប វណ្ណដា យ៉ាងណាហើយ?
ភ្លាមនោះមិនបង្អង់ កញ្ញា Lauryn ក៏បានឆ្លើយតបទៅអ្នកគាំទ្រវិញថា ទំនាក់ទំនងស្នេហ៍របស់នាង និង លោក វណ្ណដា គឺនៅដូចដើមទេ ហើយមូលហេតុនាង និង វណ្ណដា មិនសូវបង្ហាញរូបថតជាមួយគ្នា ក៏ព្រោះតែពេលខ្លះ អ្នកទាំង ២ មិនចាំបាច់ត្រូវបង្ហាញគ្រប់ពេលនោះដែរ។
ម្យ៉ាងវិញទៀត កញ្ញា Lauryn បានបន្ថែមថា នាង និង វណ្ណដា នៅក្បែរគ្នារាល់ថ្ងៃ ហើយណាមួយពេលនេះ វណ្ណដា កំពុងមមាញឹកក្នុងការធ្វើចម្រៀងថ្មី រីឯនាងក៏មមាញឹកដូចគ្នា៕