មុនទិញកៅអៀកបិទប្រើសូមពិនិត្យឱ្យច្បាស់ ចៀសវាងប៉ះរបស់ក្លែងក្លាយ អាចបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិត
ក្រសួងសុខាភិបាល នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៤ បានចេញសេចក្ដីជូនដំណឹង ឱ្យបានដឹងថា ក្រសួងពិនិត្យឃើញមានផលិតផលជំនួយសុខភាពឈ្មោះ Mentopas គ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល កំពុងចរាចរលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលក្ខណៈស្រដៀងនឹងផលិតផលជំនួយសុខភាពដែលកំពុងចែកចាយដោយក្រុមហ៊ុន DKSH (Cambodia) Ltd.។
ទាក់ទិនទៅនឹងករណីនេះ ក្រសួងបានសូមឱ្យប្រជាពលរដ្ឋ មុននឹងទិញឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ត្រូវពិនិត្យមើលលតាបត្របញ្ញិកា ដែលមានបិទលើសម្បកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមាន ពីរផ្នែក ៖
១.ផ្នែកខាងលើមានឈ្មោះក្រុមហ៊ុន
២. ផ្នែកខាងក្រោមមានលេខបញ្ជាកាដូចមានគំរូភ្ជាប់មកជាមួយ។
ក្រសួងសុខាភិបាល ក៏បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ ផលិតផលជំនួយសុខភាពដែលគ្មានលេខបញ្ជីកាខាងលើជាបន្តទៀតទេ ព្រោះផលិតផលនេះមិនអាចធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព បានឡើយ ហើយអាចជាផលិតផលក្លែងក្លាយបណ្តាលឱ្យ ប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។
ក្នុងនោះ ក្រសួងតម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ផលិតផលជំនួយសុខភាពគ្មានលេខបញ្ជីកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ ផលិតផលជំនួយ សុខភាពនេះជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាដែលចែកចាយ ឬលក់ផលិតផលជំនួយសុខភាពគ្មានលេខបញ្ជីកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖