៥ខែដើមឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករជាង៣០០ពាន់តោន គិតជាទឹកប្រាក់ជាង ២០០លានដុល្លារ
យោងតាមប្រភពព័ត៌មានពីសហព័ន្ធស្រូវអង្ករកម្ពុជា នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ៥ខែនៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៣០២ ៥៩២ តោន គិតជាទឹកប្រាក់ចំនួន ២១៩.៩១ លានដុល្លារសហរដ្ឋអាមេរិក។
ប្រភពដដែល បានបន្ថែមថា ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត ជាគោលដៅនៃការនាំចេញអង្ករកម្ពុជា បានច្រើនជាងគេ ដែលក្នុងរយៈពេលនោះ បាន៧៣ពាន់តោន គិតជាទឹកប្រាក់ ៤៦.២០ លានដុល្លារ។
ជាមួយគ្នានោះ ការនាំចេញអង្ករកម្ពុជា ទៅ៧ប្រទេសនៃសមាជិកអាស៊ាន បានជាង៦៥ពាន់តោន គិតជាទឹកប្រាក់ ៤៦.៣៤លានដុល្លា និង២៧ប្រទេសផ្សេងទៀត នៅអាហ្វ្រិក មជ្ឍឹមបូព៌ា។ល។ បានជាង២៧ពាន់តោន ដែលគិតជាទឹកប្រាក់សរុប ២២.៩៦លានដុល្លារ។
ដោយឡែក ចំពោះប្រភេទអង្ករដែលនាំចេញ រួមមាន៖ អង្ករក្រអូបគ្រប់ប្រភេទ បាន៧១.១៣%, អង្ករចំហុយ បាន២.៤៣%, អង្ករគ្រាប់វែង បាន២៤.៧៥%, អង្ករសេរីរាង្គ បាន ១.៤៣% និងអង្ករផ្សេងទៀត បាន០.២៦%។
តាមសហព័ន្ធស្រូវអង្ករកម្ពុជា បានបន្តថាចំពោះការនាំចេញស្រូវទៅកាន់ប្រទេសជិតខាង កម្ពុជាសម្រេចបានជាង២.៤លានតោន ដែលគិតជាទឹកប្រាក់ ៧១០.២៣លានដុល្លារ។
គួររំលឹកផងដែរថា ពេញមួយឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួន ៦៥៦ ៣២៣ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៣ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦១ ទទួលបានទឹកប្រាក់បានចំនួនជាង៤៦៦លានដុល្លារ។
ក្នុងនោះការនាំចេញទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តហុងកុង បានចំនួន ២១២ ៧៥៦ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៣៨លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៦ប្រទេស បានចំនួន ២៦៤ ៦៨៣ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៩១លានដុល្លារសហរដ្ឋអាមេរិក និងនាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន៧ ប្រទេស បានបរិមាណចំនួន ៩៣ ៣៧៦ តោន គិតជាទឹកប្រាក់ចំនួន ៦២ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា ចំនួន២៦ ប្រទេសបានចំនួន៨៥ ៥០៨ តោន ដែលគិតជាទឹកប្រាក់បានចំនួន៧៦ លានដុល្លារសហរដ្ឋអាមេរិក៕
ប្រភព៖ ក្រសួងព័ត៌មាន