ជំទាវ ចន ច័ន្ទលក្ខិណា ឆ្លើយតបទៅវិញថាចំពោះការជួបជជែកតុមូលដើម្បីដោះស្រាយ គឺមិនអាចឡើយ ព្រោះមិនចង់យកវប្បធម៌តុមូលមកដោះស្រាយបញ្ហាច្រើនទេ

ពិតណាស់ ថ្មីៗនេះ លើបណ្ដាញសង្គមមហាជនអ្នកគាំទ្រមានការផ្ទុះភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឮដំណឹងថាលោកជំទាវ ចន ច័ន្ទលក្ខិណា បានសម្រេចដាក់ពាក្យបណ្ដឹងទៅកាន់រាជិនីសំឡេង ម៉េង កែវពេជ្ជតា ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ជេប្រមាថជាសាធារណៈ សម្លុតកុំឱ្យដាក់ពាក្យបណ្តឹង និងញុះញង់ឱ្យមានការរើសអើង។

ជុំវិញរឿងរ៉ាវវិវាទរវាងតារាស្រីជើងចាស់ ២ រូបនេះ កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុក ដែលខាងភាគី ជំទាវ ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះសារបន្តបន្ទាប់ទាក់ទងនឹងការដាក់ពាក្យបណ្ដឹងទៅតុលា រីឯរាជិនីសំឡេង ម៉េង កែវពេជ្ជតា ក៏បានធ្វើការឆ្លើយតបវិញយ៉ាងក្ដៅដែរជុំវិញនេះ ធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនកំពុងផ្ទុះការវែកញែកជាខ្លាំង។

ជាមួយគ្នានេះ ក៏បានឃើញអ្នកលេងហ្វេសប៊ុកម្នាក់បញ្ចេញមតិយោបល់ក្នុងន័យជួយដោះស្រាយជុំវិញរឿងវិវាទរបស់តារាស្រីជើងចាស់ទាំងពីររូប ដោយបានលើកយកគំនិតឱ្យអ្នកទាំងពីរជួបជជែកគ្នាលើតុមូល ដើម្បីដោះស្រាយបញ្ហារវាងអ្នកទាំងពីរឱ្យឆាប់ចប់ផងដែរថា ៖ «សង្គ្រាមរវាងអ្នកនាង ពេជ្ជតា និង អ្នកនាង ចនច័ន្ទ តើពេលណាចប់ ? អង្គុយតុមូលជជែកគ្នាម្តងទៅ ! សិល្បកររៀមច្បងខ្មែរប្ដឹងគ្នា ឈ្លោះគ្នាតាម FB តើចំណេញជាគំរូអីដល់អ្នកជំនាន់ក្រោយ ? ឆ្ងល់មែន !»។

ខណៈនោះដែរ ក្រោយឃើញមតិយោបល់នេះភ្លាម ជំទាវ ចន ច័ន្ទលក្ខិណា ក៏បានចែករំលែកបន្ត ដោយឆ្លើយតបទៅវិញថាចំពោះការជួបជជែកតុមូលដើម្បីដោះស្រាយ គឺមិនអាចឡើយ ព្រោះមិនចង់យកវប្បធម៌តុមូលមកដោះស្រាយបញ្ហាច្រើនទេ វាជាគំរូដល់អ្នកផ្សេងកាន់តែបំពានសិទ្ធិបុគ្គលហើយរួចខ្លួនវិញ ដែលលោកជំទាវគឺសម្រេចយកច្បាប់មកដោះស្រាយវិញ។

សារនោះ ជំទាវ ចន ច័ន្ទលក្ខិណា បានរៀបរាប់ថា ៖ «មិនអាចឡើយ ពេលគេ Live ពីខ្ញុំរាប់ឆ្នាំ រាប់ថ្ងៃ ទាំងខ្ញុំមិនតប គ្មានអ្នកនិយាយ តែពេលខ្ញុំធ្វើផ្លូវច្បាប់ទើបមានអ្នកចេញមុខ ដៀលដល់ម្តាយខ្ញុំ គឺមិនបានឡើយ ចាំគេដៀលដល់ម្តាយអ្នកដែលមានគំនិតបែបនេះចាំយកវប្បធម៌តុមូលមកនិយាយទៅ ខ្ញុំមិនមាត់ មិនតប ព្រោះខ្ញុំជាមនុស្សនៅចំណុចមួយមិនស័ក្តិសមនឹងខ្ញុំយក Facebook មកដោះស្រាយឡើយ ខ្ញុំយកច្បាប់មកដោះស្រាយ កុំយកវប្បធម៌តុមូលមកប្រើជាគំរូច្រើនពេក វាជាគំរូដល់អ្នកដទៃទៀតឱ្យកាន់តែបំពានសិទ្ធិបុគ្គលហើយរួចខ្លួន បើអ៊ីចឹងដដែលកុំបង្កើតច្បាប់ ប្រទេសមានក្រសួង និង ច្បាប់»៕

អត្ថបទដែលជាប់ទាក់ទង