តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក កៀង ល័ក្ស បានចាត់ក្រុមការងារចុះផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាលជូនបងប្អូនអាជីវករផ្សារ និងផ្នែកខាងកង់បី ដែលមានជីវភាពខ្វះខាត កំពុងប្រកបរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសម្តេចទាំងទ្វេរ គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក កៀង ល័ក្ស បានចាត់ក្រុមការងារចុះផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាលជូនបងប្អូនអាជីវករផ្សារ និងផ្នែកខាងកង់បី ដែលមានជីវភាពខ្វះខាត កំពុងប្រកបរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
បណ្ណមូលនិធិសមធម៌សុខាភិបាលនេះ គឺចែកជូនក្រុមអាជីវករ និងកង់បីមានជីវភាពខ្វះខាត ក្នុងគោលដៅសម្រាប់ការប្រើប្រាស់លើការទៅពិនិត្យព្យាបាលជម្ងឺ និងថែទាំសុខភាព នៅតាមមន្ទីរពេទ្យបង្អែក ឬមន្ទីរពេទ្យរដ្ឋទាំងអស់ ដោយពុំគិតប្រាក់នោះឡើយ ។
បងប្អូនអាជីវករ និងកង់បីបានបង្ហាញអារម្មណ៍ និងទឹកចិត្តយល់ឃើញថា ការដែលរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធររាជធានី និងគណៈកម្មការផ្សារ បានជួយគិតគូរយកចិត្តទុកដាក់ក្នុងការផ្តល់ជូនពួកគាត់ទាំងអស់គ្នានូវបណ្ណមូលនិធិសមធម៌សុខាភិបាលនៅពេលនេះ គឺបានចូលរួមសម្រួលដល់ការកាត់បន្ថយការចំណាយប្រាក់កាសរបស់ពលរដ្ឋទាំងអស់គ្នា ក្នុងការពិនិត្យ ថែទាំ និងព្យាបាលជម្ងឺជាដើម ។
អាជីវករ និងខាងកង់បីបន្តថា ពួកគាត់ពិតជាមានក្តីរំភើបរីករាយសប្បាយចិត្តជាខ្លាំងបំផុតចំពោះការដែលពួកគាត់អាចមានឱកាសទទួលបានបណ្ណនេះ យកមកប្រើប្រាស់លើវិស័យសុខាភិបាល ព្រោះពួកគាត់ជាអ្នកលក់ដូរតាមកញ្ច្រែង ល្អី និងខាងកង់បីដែលមានកម្រិតជីវភាពនៅខ្វះមុខក្រោយប៉ុណ្ណោះ មិនមានប្រាក់កាសច្រើនគ្រប់គ្រាន់សម្រាប់ពិនិត្យព្យាបាលជម្ងឺឈឺស្កាត់ម្តងៗនោះទេ អញ្ចឹងហើយនៅពេលពួកគាត់ទទួលបានបណ្ណនេះ គឺវាពិជាការប្រសើរបំផុតសម្រាប់ពួកគាត់គ្រប់ៗគ្នា៕



















