ផ្ទុះការភ្ញាក់ផ្អើល! ស្អែកដល់ថ្ងៃសូត្រមន្តចូលរោងការហើយ ពូណុយ នៅតែដើរចែកធៀបការ តែសំខាន់គេឃើញធៀបគឺមានសភាពខុសប្រក្រតី(វីដេអូ)
ក្រោយពីផ្ទុះរូបភាពធៀបការ និង ការជូនពរពីសំណាក់មិត្តសិល្បករ ទៅកាន់តារាស្រី យ៉ែម ស្រីពេជ្រ និង ពូណុយ ដែលនឹងចូលរោងការនាថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៤ ហើយនោះ ក៏នៅតែមានអ្នកគាំទ្រមួយចំនួននៅស្រពិចស្រពិលនៅឡើយពីមង្គលការនេះ ព្រោះខ្លះបានគិតថាអាចគ្រាន់តែជាការ Prank ប៉ុណ្ណោះ។
ជាក់ស្តែង ខណៈកំពុងផ្ទុះការភ្ញាក់ផ្អើលនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ ស្រាប់តែមានការបង្ហោះនូវទិដ្ឋភាពហែជំនូនរបស់ យ៉ែម ស្រីពេជ្រ និង ពូណុយ នៅខាងមុខស្ថានីយទូរទស្សន៍ PNN តែយ៉ាងណាវីដេអូនោះបានបង្ហោះមិនបានប៉ុន្មាននាទីផង ក៏ត្រូវលុបចោលវិញ។
ម្យ៉ាងវិញទៀត អ្វីកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍នោះ កាលពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ បើតាមការបង្ហោះវីដេអូពេញបណ្តាញសង្គម Tik Tok បានបង្ហាញឱ្យឃើញពីកម្មវិធីជប់លៀងភាពនៅលីវ របស់កញ្ញា យ៉ែម ស្រីពេជ្រ និង ពូណុយ ពោរពេញដោយភាពសប្បាយរីករាយទៀតផង។
យ៉ាងណាមិញ ស្រាប់តែនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៤ ពោលគឺមុនថ្ងៃសូត្រមន្តរៀបចូលរោងការ ១ ថ្ងៃ ស្រាប់តែ ពូណុយ បានបង្ហោះវីដេអូកំពុងដើរចែកធៀបការនៅឡើយ ព្រមទាំងអមនូវសារថា ៖ «ចែកធៀបហើយ នៅសួរថាការមែន ក៏លេងទៀត»។
អ្វីដែលកត់សម្គាល់ក្នុងវីដេអូដែល ពូណុយ បានបង្ហោះនោះ គឺត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ និង សង្កេតឃើញមានភាពស្រពិចស្រពិលកាន់តែច្រើនឡើងចំពោះធៀបការ ដោយធៀបការ ដែល ពូណុយ បានកាន់ចែកជូនភ្ញៀវ ហាក់ដូចជាក្រដាសមួយសន្លឹក បត់ជាទម្រង់សំបុត្រធម្មតា មិនដូចនឹងធៀបការអ្នកដទៃសោះ។
ទោះជាយ៉ាងនេះក្ដី ពូណុយ នៅតែអះអាងថានៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៤ ខាងមុខ លោក និង កញ្ញា យ៉ែម ស្រីពេជ្រ នឹងមានពិធីរៀបការនឹងគ្នា និង បានឱ្យអ្នកគាំទ្ររង់ចាំតាមដានបន្ត ដោយពិធីមង្គលការនឹងរៀបចំនៅឯទូរទស្សន៍ PNN៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖