រដ្ឋាភិបាលប្រទេសហ្វីលីពីន បានធ្វើការជម្លៀសពលរដ្ឋជាបន្ទាន់ភ្លាមៗ ក្រោយភ្នំភ្លើង Kalaon លើកោះ Negros ភាគកណ្ដាលប្រទេសហ្វីលីពីន បានផ្ទុះឡើងយ៉ាងខ្លាំងក្លា
កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ រដ្ឋាភិបាលប្រទេសហ្វីលីពីន បានធ្វើការជម្លៀសពលរដ្ឋជាបន្ទាន់ភ្លាមៗ ក្រោយភ្នំភ្លើង Kalaon លើកោះ Negros ភាគកណ្ដាលប្រទេសហ្វីលីពីន បានផ្ទុះឡើងយ៉ាងខ្លាំងក្លា។
បើតាមការបញ្ជាក់ពីខាងវិទ្យាស្ថានផ្នែកបន្ទុះភ្នំភ្លើង និងរញ្ជួយដីប្រចាំប្រទេសហ្វីលីពីន បានឱ្យដឹងថា តាំងពីយប់ថ្ងៃទី ០៣ ខែមិថុនា ភ្នំភ្លើង Kalaon បានផ្ទុះឡើងពេញទំហឹង បង្កជាការរញ្ជួយរហូតដល់ ៤៣ ដង និងសាយភាយផ្សែងផេះឡើងទៅលើអាកាសរហូតដល់ ៥ គីឡូម៉ែត្រ។
រហូតដល់ថ្ងៃទី ០៤ ខែមិថុនា ពលរដ្ឋរស់នៅក្បែរភ្នំភ្លើងនោះ ប្រមាណជាង ១ ពាន់នាក់ ត្រូវបានជម្លៀសចេញជាបន្ទាន់ និងផ្លាស់ទៅរស់នៅក្នុងជំរំបណ្ដោះអាសន្ន ដើម្បីបញ្ចៀសពីផេះភ្នំភ្លើង ដែលធ្លាក់គ្របដណ្ដប់លើភូមិរបស់ពួកគេ។
គួរឱ្យដឹងថា ពលរដ្ឋនៅក្បែរទីតាំងរងគ្រោះទាំងអស់ តម្រូវឱ្យពាក់ម៉ាស់ពេលដើរចេញក្រៅ និងមិនអនុញ្ញាតឱ្យដើរក្នុងបរិវេណ ៤ គីឡួម៉ែត្រជុំវិញភ្នំភ្លើងនោះឡើយ ព្រោះតែហានិភ័យនៃការរអិលបាក់ដី ភក់ ឬថ្មពីភ្នំជាយថាហេតុ។
ជាមួយគ្នានោះដែរ នៅក្រុង Canlaon គេប៉ាន់ប្រមាណថា ពលរដ្ឋយ៉ាងហោចណាស់ ២៣ ០០០ នាក់ បានរងគ្រោះដោយការផ្ទុះភ្នំភ្លើងនេះ ខណៈការិយាល័យ សាលារៀន និងទីតាំងទេសចរណ៍ក្នុងតំបន់ ត្រូវផ្អាកដំណើរការសិន។
ដោយឡែក ជើងហោះហើរជាង ៦០ ជើង នៅព្រលានយន្តហោះ Bacolod-Silay លើកោះ Negros ក៏ត្រូវបានលុបចោលផងដែរ៕