កម្មករ ខ្មែរ និងចិន ប្រមាណជាង១០នាក់ បានរងរបួសធ្ងន់ និងស្រាល ករណីដាច់កន្ត្រកយោង ពីលើអគារកាស៊ីណូ ឈ្មោះ ជីយូនីសិន
ព្រះសីហនុ ៖ មានកម្មករ ខ្មែរ និងចិន ប្រមាណជាង១០នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងករណី ដាច់កន្ត្រកយោង ពីលើអគារកាសុីណូមួយកន្លែងឈ្មោះ ជីយូនីសិន ដែលកំពុងជួសជុល នៅក្បែរវត្តក្រោម ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ វេលាថ្ងៃត្រង់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ក្នុងនោះសមត្ថកិច្ចចម្រុះបានចុះធ្វើអន្តរាគមន៍ និងបាននាំខ្លួនមនុស្ស៣នាក់ ដែលមើលការខុសត្រូវ យកទៅសាកសួរតាមនិតិវិធី។
បើតាមការត្រួតពិនិត្យជាបឋមពីសមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងពេលកម្មករប្រមាណជាង១០នាក់ជិះក្នុងកន្ត្រកយោងឡើងទៅជួសជុលអគារផ្នែកខាងលើ កម្ពស់ប្រហែល១០ម៉ែត្រ បន្ទាប់មកបានដាច់ខ្សែម៉ូទ័រយោងកន្ត្រក ដែលមានកម្មករទាំងជនជាតិខ្មែរនិងជនជាតិចិនជាង១០នាក់នៅក្នុងកន្ត្រកយោងនោះ ធ្លាក់មកដីជាន់ក្រោម បណ្តាលឲ្យមនុស្សក្នុងកន្ត្រកយោងនោះរងរបួសខ្លះធ្ងន់ ខ្លះស្រាល។
ប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងបន្ថែមថា ជនរងគ្រោះមួយចំនួនដែលរបួសធ្ងន់ បានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ហើយករណីនេះ សមត្ថកិច្ចបន្តដោះស្រាយជាមួយភាគីពាក់ពន្ធ័តាមនិតិវិធីច្បាប់ ៕