ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា បង្កជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ បណ្ដាលឱ្យមានការជម្លៀសពលរដ្ឋប្រមាណជាង ៦០០ នាក់ចេញពីផ្ទះ

កាលពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា បង្កជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ បណ្ដាលឱ្យមានការជម្លៀសពលរដ្ឋប្រមាណជាង ៦០០ នាក់ចេញពីផ្ទះរបស់ពួកគេភ្លាមៗ។

ភ្លៀងបន្តធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់គ្នា បណ្ដាលឱ្យទឹកទន្លេមួយចំនួនក្នុងប្រទេសអាល្លឺម៉ង់មានការកើនឡើខ្លាំង។ ទន្លេទាំងនោះរួមមានទន្លេ Donau, Neckar និង Guenz បង្កជាទឹកជំនន់ហូរលិចលង់ក្នុងរដ្ឋ និង ក្រុងជាច្រើន។ ក្នុងចំណោមនោះ រដ្ឋ Bavaria និង Baden-Wuerttemberg រងការវាយប្រហារដោយទឹកជំនន់ធ្ងន់ធ្ងរជាងគេ។

ជាក់ស្ដែង តាមការបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់ ពលរដ្ឋប្រមាណ ៦៧០ នាក់ ក្នុងស្រុក Neuburg-Schrobenhausen នារដ្ឋ Bavaria ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ខណៈស្រុកចំនួន ១០ ក្នុងរដ្ឋដដែលនេះ បានធ្វើការប្រកាសអាសន្នជុំវិញគ្រោះទឹកជំនន់នេះ។ ជាមួយគ្នានោះដែរ ពលរដ្ឋប្រមាណ ១៣០០ នាក់នៅក្រុង Meckenbeuren នៃរដ្ឋ Baden-Wuertemberg ក៏ត្រូវបានប្រាប់ឱ្យចាកចេញពីផ្ទះរបស់ពួកគេផងដែរ ដោយសារតែប្រឈមខ្លាំងនឹងការវាយប្រហារដោយទឹកជំនន់៕

អត្ថបទដែលជាប់ទាក់ទង