ស្អែកនេះ ចាប់ពី ៤ ទៀបភ្លឺ នៅភ្នំពេញនឹងផ្អាកចរាចរបណ្ដោះអាសន្នតាមតម្រាយផ្លូវទាំងនេះ ដើម្បីដង្ហែព្រះបរមសពសម្ដេចសង្ឃរាជ

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងព្រះរាជពិធីដង្ហែ និង ថ្វាយព្រះភ្លើងព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋបាលរាជធានីបានបញ្ចាក់ឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីដង្ហែ និង ថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ០៦:០០ នាទីព្រឹក ដែលព្រះរាជពិធីដង្ហែនឹងហែចេញពីវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រហូតដល់ទីតាំងព្រះមេរុ និង ការថ្វាយព្រះភ្លើង (នៅខាងមុខវត្តបទុមវតី) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដើម្បីឱ្យព្រះរាជពិធីដង្ហែ និង ថ្វាយព្រះភ្លើងព្រះបរមសពខាងលើ ប្រព្រឹត្តទៅដោយរលូន និង ធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនព្រះរាជពិធី និង ថ្នាក់ដឹកនាំជាន់ខ្ពស់ដែលអញ្ជើញ ចូលរួមព្រះរាជពិធី រដ្ឋបាលរាជធានីនឹងបញ្ចៀសចរាចរជាបណ្តោះអាសន្ននូវយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរតាមតម្រាយផ្លូវដង្ហែ និង ជុំវិញទីតាំងប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើង នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ០៤:០០ នាទីព្រឹក រហូតដល់បញ្ចប់ព្រះរាជពិធីតាមតម្រាយផ្លូវដង្ហែព្រះបរមសព ដែលចាប់ផ្តើមដង្ហែចេញពីវត្តឧណ្ណាលោម តាមតីរវិថីព្រះស៊ីសុវត្ថិ រហូតដល់រង្វង់មូលដើមពោធិ៍ទន្លេសាប បត់ឆ្វេងមកវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រង្វង់មូលវត្តភ្នំ ឆ្ពោះទៅតាមមហាវិថីព្រះនរោត្តម រហូតដល់រង្វង់មូលវិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថីព្រះសីហនុ ឆ្ពោះទៅវិថីឧកញ៉ាសួរស៊្រុន រហូតដល់ទីតាំងព្រះមេរុ និង ការថ្វាយព្រះភ្លើង (នៅខាងមុខវត្តបទុមវតី)។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានតាមកំណាត់ដងផ្លូវមហាវិថី និងវិថីខាងលើនេះមេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និង បញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធព្រះរាជពិធីខាងលើដោយក្ដីអនុគ្រោះ ខណៈក្រោយបញ្ចប់ព្រះរាជពិធីបុណ្យ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕

សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង