ករណីគយចុះចាប់ដកហូតទូរស័ព្ទនៅត្បូងឃ្មុំ ពេលនេះអគ្គនាយកដ្ឋានគយចេញបកស្រាយច្បាស់ៗហើយ
អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា កាលពីយប់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅនេះ បានចេញសេចក្តីបំភ្លឺស្តីពីការចុះធ្វើអនុលោមភាពនៅទីតាំងអាជីវកម្មដ្ឋានក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ បន្ទាប់ពីមានការចុះផ្សាយតាមសារព័ត៌មាន និង តាមប្រព័ន្ធបណ្តាញសង្គមមួយចំនួន អំពីការចុះចាប់ និង ដកហូតទូរសព្ទគ្មានពន្ធ នាំចូលពីទីតាំងអាជីវកម្មមួយចំនួនដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ពាក់ព័ន្ធនឹងការចុះផ្សាយនេះ អគរ បានបញ្ជាក់ឱ្យដឹងថា ការចុះចាប់ និង ដកហូតទូរសព្ទខាងលើនេះ ជាផ្នែកមួយនៃប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពចុងទី ដែលអនុវត្តឡើងដោយការិយាល័យស្រាវជ្រាវ និង បង្ក្រាបអំពើរត់ពន្ធតំបន់ ៦ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេ, មន្ត្រីនៃស្នងការដ្ឋាននគរបាល, និង អាជ្ញាធរមូលដ្ឋានក្រោមកិច្ចសម្របសម្រួលព្រះរាជអាជ្ញាអម សាលាដំបូងខេត្តត្បូងឃ្មុំ។ ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានចុះឆែកឆេរ និង ត្រួតពិនិត្យទីតាំងអាជីវកម្មដ្ឋាន ចំនួន ៥ ទីតាំង នឹងចាប់ឃាត់បានទំនិញល្មើសច្បាប់គយចម្រុះរួមមាន ទូរសព្ទ, ប្រេងម៉ាស៊ីន, និង គ្រឿងអគ្គិសនី មួយចំនួន។
អគរ បានឱ្យដឹងទៀតថា អនុលោមតាមមាត្រា ៨ នៃច្បាប់ស្តីពីគយជាធរមាន, ប្រកាសលេខ ៣៨៩ សហវ. គរ ចុះថ្ងៃទី ២២ ខែខុសភា ឆ្នាំ ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និង ប្រកាសលេខ ៧៣៥ សហវ.តរ ចុះថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០៨ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មុខទំនិញទូរសព្ទ ត្រូវបានចាត់ជាទំនិញកំណត់ពិសេស ដែលជាកម្មវត្ថុនៃការបិទត្រាពន្ធគយ។
ជាក់ស្តែង នាពេលចុះធ្វើអនុលោមភាពនៅ តាមទីតាំងអាជីវកម្មដ្ឋានខាងលើ មន្ត្រីគយ និង រដ្ឋាករមានសមត្ថកិច្ចពិនិត្យឃើញថាមាន ទូរស័ព្ទស្មាតហ្វូនថ្មី ចំនួន ៣៥៦ គ្រឿង និង ទូរស័ព្ទប្រើរួច ចំនួន ៩៥៥ គ្រឿង ពុំមានបិទត្រាពន្ធគយ និង ពុំមានឯកសារបញ្ជាក់ពីប្រភពស្របច្បាប់។ បច្ចុប្បន្ន ទូរសព្ទទាំងនេះត្រូវបាននាំយកមកថែរក្សាទុកជាបណ្តោះអាសន្ននៅទីតាំងឈរជើង របស់ការិយាល័យស្រាវជ្រាវ និង បង្ក្រាបអំពើរត់ពន្ធតំបន់ ៦ ស្ថិតនៅភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយទៅតាមនីតិវិធី។ ចំពោះទូរសព្ទប្រើរួចដែលត្រូវបានរកឃើញថាជាទំនិញទិញដូរក្នុងស្រុក នោះអង្គភាពគយ និង រដ្ឋាករមានសមត្ថកិច្ចនឹងប្រគល់ជូនម្ចាស់វិញ៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖