អាជ្ញាធរជប៉ុនបានសម្រេចចិត្តដាក់ជញ្ជាំងបាំងកន្លែងទស្សនាទេសភាពភ្នំ Fuji នៅមុខហាងទំនិញ Lawson ដែលជាមុំថតរូបដ៏ល្បី
ថ្មីៗនេះ អាជ្ញាធរជប៉ុនបានសម្រេចចិត្តដាក់ជញ្ជាំងបាំងកន្លែងទស្សនាទេសភាពភ្នំ Fuji នៅមុខហាងទំនិញ Lawson ដែលជាមុំថតរូបដ៏ល្បី ដោយសារតែមានបញ្ហារឿងអ្នកទេសចរបុកមកទស្សនាច្រើន ព្រមទាំងប្រព្រឹត្តកិរិយាមិនសមរម្យ មានទាំងចោលសំរាមផ្តេសផ្តាស និងមាត់ឡូឡា ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាជននៅតំបន់នោះ។
ជញ្ជាំងនេះដែរ ជាជញ្ជាំងស្តើងពណ៌ខ្មៅ ដែលមានកម្ពស់ ២.៥ សង់ទីម៉ែត្រ និងប្រវែង ២០ ម៉ែត្រ ប៉ុន្តែបើទោះជាបិទជញ្ជាំងបែបនេះទៅហើយ មើលទៅក៏មិនអាចហាមឃាត់មិនឱ្យជនមួយចំនួន ចូលទៅទស្សនាបានដែរ ដោយក្នុងនោះ មិនទាន់បានប៉ុន្មានថ្ងៃផង គេប្រទះឃើញរន្ធតូចៗប្រហែលជា ១០ រន្ធនៅលើជញ្ជាំងនោះ ដែលគេសន្និដ្ឋានថា ជាស្នាដៃរបស់ជនមួយចំនួន ដោយព្យាយាមហែកនៅពេលដែលសន្តិសុខមិននៅ ដើម្បីបានថតរូបទិដ្ឋភាពរបស់ភ្នំ។
យ៉ាងណាមិញ មហាជននៅតាមបណ្តាញសង្គមកំពុងតែផ្ទុះការរិះគន់ទៅលើរឿងនេះខ្លាំងណាស់ ដោយម្នាក់ៗចង់ឱ្យមានការរឹតបន្តឹងជាងនេះ។ លើសពីនេះទៅទៀត លោកអភិបាលក្រុង Hideyuki Watanabe ក៏បានណែនាំអ្នកទេសចរឱ្យទៅទស្សនាភ្នំនៅមុំកន្លែងផ្សេងៗទៀតផងដែរ៕