បុរសម្នាក់បានបែកក្បាលស្លាប់បាត់បង់ជីវិត នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯបុរសម្នាក់ទៀតបានរងរបួសស្រាល ខណៈពេលជិះម៉ូតូឌុបគ្នាលឿនលឿនវ៉ាជែង ជ្រុលទៅធ្លាក់ជង្ហុកត្រូវរថយន្តដឹកខ្សាច់
ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលស្លាប់បាត់បង់ជីវិត នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯបុរសម្នាក់ទៀតបានរងរបួសស្រាល ខណៈពេលជិះម៉ូតូឌុបគ្នាលឿនលឿនវ៉ាជែង ជ្រុលទៅធ្លាក់ជង្ហុកត្រូវរថយន្តដឹកខ្សាច់ បើកមកពីក្រោយរួចកិនពីលើ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី ២១ខែតុលាឆ្នាំ ២០២៣ លើផ្លូវបេតុងព្រៃស ក្នុងភូមិប្រការសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ មាសម៉ាន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរអ្នកបើកបររស់នៅភូមិព្រៃចារក្នុង ឃុំព្រៃចារ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ អ្នករួមដំណើរ (ស្លាប់) និងជនរងគ្រោះម្នាក់ទៀតមានឈ្មោះ ឡូញ សុខ លីនភេទប្រុស អាយុ១៩ឆ្នាំមុខរបរព្រូឡាន រស់នៅភូមិឃុំ ជាមួយគ្នា( អ្នកឌុបរងរបួសស្រាល)។
បើយោងតាមប្រភពពីមន្រ្តីចរាចរណ៍ជំនាញបានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុដោយឃើញបុរស២នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ ១២៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ កំពង់ចាម 1AC-0400 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវបេតុងព្រៃស ក្នុងទិសដៅពីកើតមកលិច ជិះពីក្រោយស្របទិសគ្នានិងរថយន្តមួយគ្រឿងម៉ាក HINO ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ចង្កូតស្តាំ PP-3534 បើកបរដោយបុរសម្នាក់មានឈ្មោះ នឿន ស៊ីថាវ ភេទប្រុស អាយុ២៨ឆ្នាំ ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ដោយភាគីម៉ូតូបានជិះមកវ៉ាជែងរថយន្តពីខាងស្តាំ ក៏ធ្លាក់ជង្ហុករ៉េចង្កូតដួលនៅពីមុខរថយន្ត ស្របពេលដែលរថយន្តបើកមកពីក្រោយជាន់ហ្រ្វាំងមិនទាន់ក៏កិនអ្នករួមដំណើរពីក្រោយម៉ូតូ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ចំណែកអ្នកបើកម៉ូតូរងរបួសស្រាល ហើយអ្នកបើករថយន្តដឹកខ្សាច់ សមត្ថកិច្ចឃាត់បានទុកប្រគល់ជូនជំនាញចរាចរណ៍រាជធានីភ្នំពេញ។
បន្ទាប់ពីកើតហេតុខាងលើមន្ត្រីសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះមកដល់ពិនិត្យរួចក៏បានទាក់ទង ទៅជំនាញចរាចរណ៍ក្រុងបន្តដើម្បីឲ្យចុះមកវាស់វែង ធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកឯសព សមត្ថកិច្ចធ្វើសំណត់ហេតុរួចប្រគល់ ឲ្យទៅក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕