យន្តហោះរបស់ Qatar Airways ជួបបញ្ហាចលាចលលើអាកាស មានមនុស្សរងរបួស ១២ នាក់
យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Qatar Airways ដែលហោះហើរចេញពីក្រុង Doha ប្រទេសកាតា ទៅកាន់ក្រុង Dublin ប្រទេសអៀរឡង់ បានជួបប្រទះភាពចលាចលលើអាកាស ដែលបណ្ដាលឱ្យអ្នកដំណើរ និងបុគ្គលិកលើយន្តហោះ ១២ នាក់រងរបួស។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៤ រយៈពេល ២ ម៉ោងក្រោយយន្តហោះចាកចេញពីព្រលាននាក្រុង Doha ទៅកាន់ប្រទេសអៀរឡង់។ ខណៈហោះកាត់ប្រទេសតួគី យន្តហោះ Boeing 787 Dreamliner ក៏បានជួបបញ្ហាចលាចល ដោយតាមការរៀបរាប់ពីអ្នកដំណើរថា យន្តហោះបានធ្លាក់ពីលើអាកាសរយៈពេលប្រមាណ ១៥ ទៅ ២០ វិនាទី។
យ៉ាងណាមិញ នៅវេលាម៉ោងប្រមាណជា ១ ថ្ងៃ (ពេលវេលាក្នុងតំបន់) យន្តហោះក៏បានចុះចតដល់ព្រលានក្រុង Dublin ហើយក៏ទទួលបានការចុះមកសង្គ្រោះភ្លាមៗពីខាងប៉ូលិសព្រលាន ក្រុមពន្លត់អគ្គិភ័យ និងក្រុមបុគ្គលិកសង្គ្រោះ។ ក្នុងនោះ អ្នករងរបួសមានចំនួន ១២ នាក់ ដោយ ៦ នាក់ជាអ្នកដំណើរ និង ៦ នាក់ទៀតជាបុគ្គលិកបម្រើការលើយន្តហោះ។
គួរបញ្ជាក់ផងដែរថា មិនមានព័ត៌មានណាបញ្ជាក់ពីចំនួនអ្នកដំណើរសរុបលើយន្តហោះនោះឡើយ គ្រាន់តែអ្នកដំណើរលើនោះរៀបរាប់ថា ហេតុការណ៍គ្រោះថ្នាក់ កើតមានឡើងអំឡុងពេលបុគ្គលិកលើយន្តហោះ កំពុងបម្រើសេវាកម្មចំណីអាហារដល់អ្នកដំណើរ៕
ប្រភព៖ VN Express