កាន់តែក្តៅគគុក! MC Sey ទទួលស្គាល់វីដេអូបែកធ្លាយជារឿងពិត និង បង្ហើបធ្លាប់មានអ្នកគំរា-.មទារលុយពីវីដេអូនោះ
មហាជនអ្នកតាមដានបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាបានជ្រាបមកហើយ កាលពីសប្តាហ៍មុន ពោលគឺនៅរសៀលថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ តារាចម្រៀងរ៉េប RicKy ScoTt បានបង្ហោះសាររៀបរាប់ពីនារីម្នាក់ដែលរងការរំលោភបំពានពីសំណាក់បុរស ៤-៥ នាក់ ដោយក្នុងនោះ ២ នាក់គឺជាតារារ៉េបដែលមានបទចម្រៀងកំពុងផ្ទុះល្បីលើ TikTok។
លើសពីនេះ ក្នុងសារដដែលនោះ Ricky ScoTt ក៏បានបញ្ជាក់ពីថ្ងៃកើតហេតុ និង ឆាកប្រគំតន្ត្រី ដែលតារាចម្រៀងរ៉េបខាងលើបានច្រៀង រហូតធ្វើឱ្យមហាជនបានដាក់ការសង្ស័យទៅកាន់តារាចម្រៀងរ៉េប ដែលបានឡើងច្រៀងនៅក្នុងថ្ងៃនោះជាច្រើន។
ក្នុងនោះ MC Sey ក៏ត្រូវបានក្លាយទៅជាបុគ្គលមួយរូប ដែលមហាជនបានដាក់ការសង្ស័យ ក្រោយពីមានសារឆ្លងឆ្លើយ និង សំឡេងសារបែកធ្លាយលើបណ្តាញសង្គម។ យ៉ាងណាមិញ MC Sey ក៏ចេញមុខច្រានចោលហើយដែរថា សារឆ្លងឆ្លើយ និង សារសំឡេងនោះ គឺមិនមែនជាលោកទេ។
ដោយឡែក ស្របពេលរឿងខាងលើនៅតែក្តៅគគុក នៅលើបណ្តាញសង្គមនានាបានបែកធ្លាយវីដេអូកូនជ្រូក ដោយក្នុងនោះ មហាជនបានលើកឡើងថាជា MC Sey ក៏ព្រោះតែបុគ្គលក្នុងវីដេអូស្រដៀងនឹងលោក។
ចំណុចនេះដែរ MC Sey បានចេញមុខបកស្រាយ និង បញ្ជាក់ ៣ ចំណុចសំខាន់ៗថា ខ្លួនមិនបានពាក់ព័ន្ធនឹងរឿងរ៉ាវនោះឡើយ។ លើសពីនោះ MC Sey ក៏បានបន្ថែមថា វីដេអូបែកធ្លាយចំនួន ២ នោះ គឺមាន ១ ពិតជាលោក ហើយពេលនេះលោកកំពុងធ្វើតាមច្បាប់។
ជាក់ស្តែង ចំណុចពាក់ព័ន្ធនឹងវីដេអូកូនជ្រូករបស់ខ្លួនបែកធ្លាយ MC Sey បានសង្កត់ធ្ងន់នៅចំណុចទី ៣ ថា៖ «…ទី ៣ ពាក់ព័ន្ធនឹងរឿងបែកធ្លាយវីដេអូ មានតែវីដេអូមួយទេដែលជាវីដេអូពិត បច្ចុប្បន្នខាងមេធាវីខ្ញុំកំពុងរៀបចំពាក្យបណ្តឹងទៅកាន់បុគ្គលដែលធ្វើឱ្យបែកធ្លាយ ក៏ដូចជាជនដែលចែកចាយបន្តផងដែរ បច្ចុប្បន្នយើងបានកំណត់មុខសញ្ញាបានខ្លះហើយ ពីព្រោះកន្លងទៅមានបុគ្គលធ្លាប់យកវីដេអូមួយនេះ គំរាមខ្ញុំទាមទារលុយជាបន្តបន្ទាប់…»៕