ក្រសួងធនធានទឹក និង ឧតុនិយមបានចេញសេចក្តីជូនដំណឹង ៣ ថ្ងៃពេញ កម្ពុជាអាចមានភ្លៀងធ្លាក់ ផ្គររន្ទះ ខ្យល់កន្ត្រាក់ ពិសេសនៅខេត្ត ១៨ នេះ

ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៤ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យបានដឹងថា សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និង សមុទ្រចិនខាងត្បូង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ មានលក្ខណៈដូចតទៅ៖

១. តំបន់វាលទំនាប

– សីតុណ្ហភាពអប្បបរមា ២៤°C និង សីតុណ្ហភាពអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសទក្សិណ និងទិសនិរតី មានល្បឿនមធ្យម ២ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប ប៉ៃលិន បាត់ដំបង ពោធិ៍សាត់ កំពង់ធំ និងស្វាយរៀង អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីពី ១០-៣០%។

២. តំបន់ខ្ពង់រាប

– សីតុណ្ហភាពអប្បបរមា ២៤°C និង សីតុណ្ហភាពអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសបូព៌ និង អាគ្នេយ៍មានល្បឿនមធ្យម ២,៥ ម៉ែត្រ វិនាទី។ ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់ លើផ្ទៃដីពី ១០%-៣០%។

៣. តំបន់មាត់សមុទ្រ

-សីតុណ្ហភាពអប្បបរមា ២៤°C និង សីតុណ្ហភាពអតិបរមា ៣៤°C ។ ខ្យល់បក់មកពីទិសបូព៌ និង ទិសទក្សិណមានល្បឿន មធ្យម ២,៥ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប អាចមានភ្លៀង ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី១០%-២០%។

– រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ ម៉ែត្រ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង