បុរសជាជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវប្រជាពលរដ្ឋឃាត់បានវា-យទ្រោមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចខណ្ឌមានជ័យ

ភ្នំពេញ៖ បុរសជាជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវប្រជាពលរដ្ឋឃាត់បានវាយទ្រោមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចខណ្ឌមានជ័យ បន្ទាប់ពីជនសង្ស័យរូបនោះ បានផ្លោះរបងចូលទៅលួចទូរសព្ទនិងសម្ភារៈនៅក្នុងផ្ទះ តែត្រូវបានម្ចាស់ឃើញទាន់ ក៏ជនសង្ស័យទាញកូនកាំបិតក្បែរខ្លួន ចាក់ទៅលើបុរសម្នាក់ជាម្ចាស់ផ្ទះចំជើង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះភ្លាមៗផងដែរ។

ហេតុការណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង៣០នាទី ទៀបភ្លឺឈានចូលថ្ងៃទី ២២ ខែតុលាឆ្នាំ២០២៣ ចំណុចផ្លូវបរតុងមួយខ្សែក្នុងភូមិទ្រា២ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើយោងតាមការបញ្ជាក់ពីបុរសជាជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ បានបង្ហើបឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានដើរនៅមុខផ្ទះកើតហេតុខាងលើ ពីទៅបីជុំមកហើយក្រោយមកឃើញស្ងាត់ និងឱកាសល្អក៏បានឡើងផ្លោះរបងរួចចូលទៅក្នុងផ្ទះគោលបំណង បម្រុងនឹងលួចយកទូរសព្ទនិងសម្ភារៈនៅក្នុងផ្ទះមួយចំនួន ពេលនោះដែរនារីជាម្ចាស់ផ្ទះឃើញទាន់ក៏ស្រែកឆោឡោ ហើយវាយប្រតាយប្រតប់គ្នាជាមួយជនសង្ស័យទៅវិញទៅមកភ្លាមនោះដែរ បុរសជាជនសង្ស័យក៏បានទាញកូនកាំបិតចុងស្រួច ក្បែរនោះយកចាក់ទៅលើបុរសជាកូនម្ចាស់ផ្ទះ ចំជើងមួយចំហៀងបណ្តាលឲ្យឈាមពេញរងរបួសធ្ងន់ ត្រូវបានដឹកទៅមន្ទីរពេទ្យហើយជនសង្ស័យបម្រុងនិងរត់គេចខ្លួន តែរត់មិនរួចត្រូវពលរដ្ឋក្បែរនោះនាំគ្នាជួយព័ទ្ធចាប់បានវាយម្នាក់មួយដៃមួយជើងទ្រោមខ្លួន បណ្ដាលឱ្យជនសង្ស័យរងរបួសពេញផ្ទៃមុខ ក្រោយមកពលរដ្ឋក្បែរនោះក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។
បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានឃាត់ជនសង្ស័យខាងលើ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ដើម្បីសាកសួរបន្តនិងចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង