ជន​ក្លែង​ជា​សង្ឃ ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​១១​នាក់ និង​អ្នក​បើករថយន្ត​ម្នាក់

រាជធានី​ភ្នំពេញ ៖ តើ​កន្លង​មក នរណា​ខ្លះ​ធ្លាប់​ដាក់​បាត្រ និង​ថ្វាយបង្គំ ? ជន​ក្លែងភេទ​ជា​សង្ឃ ចំនួន​១១​នាក់ និង​អ្នក​បើករថយន្ត​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ឃាត់ខ្លួន ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​១​គ្រឿង ចេញពី​ខេត្តកំពត ក្នុង​បំណង​ទៅ​ធ្វើ​សកម្មភាព​បិណ្ឌ​បាត្រ នៅ​ឯ​ខេត្តបន្ទាយមានជ័យ​។ កន្លង​មក​ថ្មី​ៗ ក្រុម​នេះ បាន​ចេញ​បិណ្ឌ​បាត្រ នៅ​ម្តុំ​លូ​ប្រាំ បឹង​ក្រពើ ខណ្ឌមានជ័យ និង​តំបន់​នានា ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ការ​ឃាត់ខ្លួន​នោះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន មាន​អ្នក​ក្លែង​ជា​សង្ឃ ចំនួន​១១​នាក់ និង​អ្នកបើកបរ​រថយន្ត​ដឹក​ចេញ​ធ្វើ​សកម្មភាព ០១​នាក់ ក្នុង​នោះ រួម​មាន ៖
១-​ឈ្មោះ សេង តុលា ភេទ​អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាក់​ជ្រុំ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរ​ជ័យ ខេត្តកំពត (​មាន​សារធាតុ​ញៀន​)​។
២-​ឈ្មោះ អឿ​ន សុភា អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​ជា​ខាងជើង ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ ខេត្តកំពត​(​គ្មាន​សារធាតុ​ញៀន​)​។
៣-​ឈ្មោះ ជាង ប៊ុ​ន​ធាន អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ឈូក ខេត្តកំពត (​គ្មាន​សារធាតុ​ញៀន​)​។
៤-​ឈ្មោះ សាំង សៀង​ហៃ អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ័រ​ជុំ ឃុំ​ក្រាំង​ត្បូង ស្រុក​ឈូក ខេត្តកំពត (​គ្មាន​សារធាតុ​ញៀន​)​។
៥-​ឈ្មោះ ហ៊ុន យ៉ាង អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រហា​ល ឃុំ​តា​លោ​សែន​ជ័យ ស្រុក​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ (​គ្មាន​សារធាតុ​ញៀន​)​។
៦-​ឈ្មោះ ធឿ​ន បូ អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​២ ឃុំ​ស្រែក​ជា​ខាងជើង ស្រុក​ឈូក ខេត្តកំពត (​គ្មាន​សារធាតុ​ញៀន​)​។
៧-​ឈ្មោះ សាំង វិចិត្រ អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ័រ​ដុំ ឃុំ​ក្រាំង​ត្បូង ស្រុក​ឈូក ខេត្តកំពត​(​មាន​សារធាតុ​ញៀន​)​។
៨-​ឈ្មោះ បាំង នី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គ​ខ្លី ឃុំ​ក្រាំង​ស្បូវ ស្រុក​ឈូក ខេត្តកំពត (​មាន​សារធាតុ​ញៀន​)​។
៩-​ឈ្មោះ សៅ ឡា អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ័រ​ដុំ ឃុំ​ក្រាំង ក្រាំង​ស្បូវ ស្រុក​ឈូក ខេត្តកំពត (​មាន​សារធាតុ​ញៀន​)​។
១០-​ឈ្មោះ ថា លី​ន​ណា អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំ ស់ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរ​ជ័យ ខេត្តកំពត (​គ្មាន​សារធាតុ​ញៀន​)​។
១១-​ឈ្មោះ ណ​ន ចាន់​នី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ជ័រ​ជុំ ឃុំ​ក្រាំង​ស្បូវ ស្រុក​ឈូក ខេត្តកំពត ខេត្ត​កំ (​គ្មាន​សារធាតុ​ញៀន​)​។
ចំណែក​ទី​១២-​ជា​អ្នកបើកបរ​រថយន្ត មានឈ្មោះ ហង្ស វាសនា អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ជន្ល​ង ឃុំ​ដា ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង (​គ្មាន​សារធាតុ​ញៀន​)​។

នគរបាល​ដកហូត​វត្ថុ​តាង​រួម​មាន បាត្រ​ចំនួន​០៤, ថង់យាម​ចំនួន​០៦, ស្បង់​ជីវរ​ចំនួន​០៣​កំ​ប្លេ​រ​, រថយន្ត​០១​គ្រឿង ម៉ាក​តូ​យ៉ូ​តា​ហា​យ​លែ​ន​ឌ័​រ (TOYOTA HIGHLANDER) ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 2BC-6480 និង​ថ្នាំ​ញៀន​ច្រក​ក្នុង​បំពង់​ទុយោ​ពណ៌​ក្រហម ដែល​ជា​របស់​ជនសង្ស័យ​ឈ្មោះ បាំង នី ព្រមទាំង​ឧបករណ៍​សំរាប់​ជក់​គ្រឿងញៀន មួយ​ចំនួន ដែល​ជា​របស់​ជនសង្ស័យ​ឈ្មោះ សេង តុលា ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​ឈាន​ដល់​ការ​បង្ក្រាប​ជន​ក្លែងភេទ​ជា​ព្រះសង្ឃ​១​សម្បុក​នេះ កម្លាំង​នគរបាល​ខាងលើ​បាន​ទទួល​ព​ត៌​មាន​ពី​ប្រជាពលរដ្ឋ​ប្រាប់​ថា មាន​មនុស​ប្រុស​១​ក្រុម យក​ស្បង់​ចីវរ​គ្រង​ក្លែងខ្លួន​ជា​ព្រះសង្ឃ ចេញ​ធ្វើ​សកម្មភាព​បិណ្ឌ​បាត្រ​នៅ​តាម​ទី​សាធារណៈ រាល់ថ្ងៃ​។ ដោយឡែក​នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ បាន​នាំ​គ្នា​ជិះ​រថយន្ត​០១​គ្រឿង ម៉ាក​តូ​យ៉ូ​តា​ហា​យ​លែ​ន​ឌ័​រ (TOYOTA HIGHLANDER) ចេញ​ទៅ​ដើរ​សកម្មភាព តាម​ខេត្ត​ផ្សេង​ៗ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ ទើប​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចេញ​ពួនស្ទាក់ ហើយ​បាន​ប្រទះ​ឃើញ​រថយន្ត ដែល​មាន​ភិនភាគ​ដូច​ការ​ផ្ដល់​ព័ត៌មាន​កំពុង​បើក​នៅ​តាម​ផ្លូវ​បេតុង ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ កម្លាំង​ក៏​បាន​ឃាត់​ឲ្យ​ឈប់​ត្រួតពិនិត្យ​ឃើញ​ជន​ក្លែង​ជា​សង្ឃ​ចំនួន​១១​នាក់ និង​អ្នកបើកបរ​រថយន្ត​ម្នាក់ រួម​ទាំង​វត្ថុ​តាង​ខាងលើ រួច​ក៏​ឃាត់ខ្លួន​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សួ​នាំ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ក្រុម​ជន​ក្លែង​ជា​សង្ឃ​នោះ បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ក្លែងភេទ​ជា​ព្រះសង្ឃ ធ្វើ​សកម្មភាព​ដើរ​បិណ្ឌ​បាត្រ យក​ប្រាក់ និង​គ្រឿង​ឧបភោគ បរិភោគ​ពី​ប្រជាពលរដ្ឋ នៅ​តាម​ទី​សាធារណៈ ប្រាកដ​មែន​។ កន្លង​មក​ធ្វើ​សកម្មភាព​នៅ​ម្តុំ​លូ​ប្រាំ បឹង​ក្រពើ ខណ្ឌមានជ័យ និង​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ក្នុង​ម្នាក់​ៗ ប្រមូល​បាន​ប្រាក់​ចំនួន ៦០.០០០​រៀល (​ប្រាំមួយ​ម៉ឺន​រៀល​) ទៅ​ចំនួន​៧០.០០០​រៀល (​ប្រាំពីរ​ម៉ឺន​រៀល​) ។

ក្រុម​ជនសង្ស័យ បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពេល​បិណ្ឌ​បាត្រ បាន​ប្រាក់ ពួក​ខ្លួន​ម្នាក់​ៗ​បាន​ដក​ចំនួន​១៥.០០០៛(​មួយ​ម៉ឺន​ប្រាំ​ពាន់​រៀល​) ទៅ​២០.០០០៛(​ពីរ​ម៉ឺន​រៀល​) ឲ្យ​ទៅ​ឈ្មោះ ហង្ស វាសនា ជា​អ្នក​បើករថយន្ត​ដឹក​ធ្វើ​សកម្មភាព​។ ដោយឡែក នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ ពួក​ខ្លួន​បាន​នាំ​គ្នា​ជិះ​រថយន្ត ទៅ​កាន់​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ផ្សេង​ៗ​ទៀត នៅ​ភាគ​ខាងជើង​ប្រទេស ដើម្បី​បិណ្ឌ​បាត្រ ប៉ុន្តែ​ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​បែប​នេះ តែ​ម្ដង ៕

អត្ថបទដែលជាប់ទាក់ទង