ប្រទេសអ៊ីរ៉ង់ បានប្រកាសធ្វើពិធីកាន់ទុក្ខរយៈពេល ៥ ថ្ងៃ ដើម្បីគោរពដល់វិញ្ញាណក្ខ័ន្ធលោកប្រធានាធិបតី Ebrahim Raisi ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ

កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ ប្រទេសអ៊ីរ៉ង់ បានប្រកាសធ្វើពិធីកាន់ទុក្ខរយៈពេល ៥ ថ្ងៃ ដើម្បីគោរពដល់វិញ្ញាណក្ខ័ន្ធលោកប្រធានាធិបតី Ebrahim Raisi ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ។

ក្រោយការប្រកាស សង្កេតឃើញថា ពលរដ្ឋអ៊ីវ៉ង់រាប់ពាន់រាប់ម៉ឺននាក់ បានធ្វើការប្រមូលផ្ដុំគ្នានៅ Valiasr Square នាក្រុង Tehran ដើម្បីធ្វើការលាគ្នាជាលើកចុងក្រោយទៅកាន់លោកប្រធានាធិបតី Raisi។

គ្រប់គ្នាទប់ទឹកភ្នែកមិនជាប់ ឱនក្បាលចុះ យំសស្រាក់ ទាំងក្ដីរន្ធត់ចិត្ត និងសឹងតែមិនជឿរឿងហេតុអាក្រក់បែបនេះកើតឡើងលើប្រធានាធិបតីក្នុងប្រទេសរបស់ខ្លួន។

គួររំឭកថា កាលពីថ្ងៃទី ១៩ ខែឧសភា កន្លងទៅ ឧទ្ធម្ភាគចក្រដែលដឹកលោកប្រធានាធិបតី Raisi គឺតម្រូវឱ្យមានការចុះចតជាបន្ទាន់ អំឡុងពេលនៅតាមផ្លូវត្រឡប់ទៅទីក្រុង Tabriz វិញ ក្រោយមកពីការចូលរួមសម្ភោធទំនប់ Qiz Qalasi ដែលមានទីតាំងជាប់នឹង Azerbaijan។

ជាមួយគ្នានោះដែរ បើតាមសារព័ត៌មានក្នុងប្រទេស បានចេញផ្សាយថា ឧទ្ធម្ភាគចក្រនោះ បានធ្លាក់នៅតំបន់ព្រៃ Dizmar ដែលទីតាំងស្ថិតនៅចន្លោះក្រុង Varzaqan និង Jolfa។

ក្នុងនោះ បើតាមមន្ត្រីអ៊ីរ៉ង់ម្នាក់ ថ្លែងប្រាប់សារព័ត៌មាន Reuters ថា ឧទ្ធម្ភាគចក្រដែលដឹកលោកប្រធានាធិបតី រួមទាំងរដ្ឋមន្ត្រីការបរទេសនោះបានធ្លាក់ ខណៈពេលហោះកាត់ភ្នំ ស្របពេលដែលមេឃកំពុងចុះអ័ព្ទខ្លាំង ដែលបណ្ដាលឱ្យអ្នកនៅលើយន្តហោះទាំងអស់ រួមទាំងលោកប្រធានាធិបតីផ្ទាល់ បានបាត់បង់ជីវិតទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង