ជនដៃដល់ដែលកាប់សម្លាប់ស្រ្តីជាម្ចាស់លុយនៅស្រុកស្អាង ខេត្តកណ្តាលនោះ ត្រូវកម្លាំងនគរបាលតាមចាប់បានហើយនៅស្រុកវាលវែង ខេត្តពោធិ៍សាត់
កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ១៧ និង ៣៥ នាទី កន្លងទៅនេះ មានករណីឃាត់កម្មមួយបានកើតឡើង ដោយជនសង្ស័យបានយកកាំបិតកាប់សម្លាប់ម្ចាស់បំណុលនៅនឹងផ្ទះរបស់ខ្លួន មានទីតាំងស្ថិតនៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។
ទាក់ទិនទៅនឹងរឿងនេះ នៅរសៀលថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ នេះ តាមរយៈប្រភពព័ត៌មានមួយបានឱ្យដឹងថា ជនដៃដល់ដែលកាប់សម្លាប់ស្រ្តីជាម្ចាស់លុយនៅស្រុកស្អាង ខេត្តកណ្តាលនោះ ត្រូវកម្លាំងនគរបាលតាមចាប់បានហើយនៅស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងនោះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏បានបញ្ជាក់ឱ្យដឹងថា នៅពេលនេះកម្លាំងនគរបាលរបស់លោក បានចេញទៅទទួលជនដៃដល់ហើយ។
សូមរំឭកផងដែរថា ករណីខាងលើនេះ ជនសង្ស័យជាកូនបំណុលមានឈ្មោះ ឡុង ឈាវ មុខរបរជាងដែក បានទាស់សម្តីគ្នាជាមួយស្ត្រីរងគ្រោះជាអ្នកទារបំណុល មានឈ្មោះ ហាន មី ភេទ ស្រី អាយុ ៣៣ ឆ្នាំ មុខរបរកសិករ ខណៈកំពុងទារប្រាក់នៅឯផ្ទះរបស់ជនសង្ស័យ។ ក្រោយទាស់សម្តីគ្នា ជនសង្ស័យក៏បានទាញកាំបិតផ្គាល់កាប់ស្ត្រីរងគ្រោះចំថ្គាម បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ស្ថិតនៅផ្ទះជនសង្ស័យ ដែលមានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។ ក្រោយធ្វើសកម្មភាពសម្លាប់ហើយ ជនសង្ស័យឈ្មោះ ឡុង ឈាវ បានរត់គេចខ្លួនបាត់ និង ត្រូវឃាត់ខ្លួនបានសម្រេចនៅថ្ងៃនេះ៕
ប្រភព ៖ Sorn Sopheak-ស៊ន សុភក្ត្រ