គួរឱ្យចាប់អារម្មណ៍ ! នៅក្នុងប្រទេសជប៉ុន ដាក់តាំងប៉ូលិសក្លែងក្លាយ ដើម្បីបន្លាចពលរដ្ឋកុំឱ្យបើកបរលឿន

ក្រុមហ៊ុនមួយនៅក្នុងប្រទេសជប៉ុន បានកើតគំនិតថ្មីប្លែកគួរឱ្យចាប់អារម្មណ៍ ក្នុងការជួយផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍នៅទីក្រុង Tanbasasayama ដែនដី Hyogo ប្រទេសជប៉ុន។

តាមឱ្យដឹង ក្រុមហ៊ុនខាងលើនេះ បានធ្វើរូបចម្លាក់ជារូបប៉ូលិស ដាក់តាំងនៅតាមដងផ្លូវ National Route 176 ជិតស្ថានីយ Minami-Yashiro ដើម្បីជាការបន្លាចដល់អ្នកបើកបរនៅតាមផ្លូវ កុំឱ្យភ្លេចខ្លួនបើកបរក្នុងល្បឿនលឿន។ រូបចម្លាក់ប៉ូលិសទាំងនោះ ត្រូវបានធ្វើឡើងដោយលោក Mamoru Miyata អាយុ ៥០ ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន M-Class Garden ដែលជាក្រុមហ៊ុនលក់ ជួល និងធ្វើរូបចម្លាក់សត្វនាក្រុង Sanda។

លោកបានរៀបចំរូបចម្លាក់ប៉ូលិសក្លែងក្លាយ អមដោយឡានប៉ូលិសលើដីរបស់លោកផ្ទាល់ តាំងពីដើមខែឧសភាមកម្ល៉េះ ដោយបំណងចង់បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។ ការដាក់តាំងរូបចម្លាក់ទាំងនេះ មុននឹងសម្រេចចិត្តដាក់លើដងផ្លូវ លោក Miyata ក៏បានធ្វើការពិភាក្សា និងទទួលបានការអនុញ្ញាតរួចរាល់ពីខាងប៉ូលិសក្នុងតំបន់ Hyogo ផងដែរ៕

ប្រភព៖ 9GAG

អត្ថបទដែលជាប់ទាក់ទង