កម្ពុជារំពឹងថាទទួលបានរំហូរវិនិយោគផ្ទាល់ពីបរទេសក្នុងកម្រិតជាង៨ភាគរយនៅឆ្នាំ២០២៥
នៅឆ្នាំ២០២៤នេះ រំហូរវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាបានរំពឹងថានឹងបន្តកើនដល់ប្រមាណ ៤ ២៥០ លានដុល្លារអាមេរិក, សមមូលនឹងប្រមាណ ៩,០% នៃ ផ.ស.ស. ដោយសារការបន្តសកម្មភាពវិនិយោគលើវិស័យសក្តានុពល។
ទន្ទឹមនេះ, ទុនបម្រុងអន្តរជាតិ ត្រូវបានព្យាករថានឹងបន្តកើនក្នុងរង្វង់ ២២ ៣០៣ លានដុល្លារអាម៉េរិក ឬស្មើប្រមាណ ៨,០ ខែ នៃការនាំចូល។
យោងតាមផែនការយុទ្ធសាស្ត្រថវិកាជាតិឆ្នាំ២០២៥ដល់២០២៧ បានរំពឹងថា រំហូរការវិនិយោគផ្ទាល់ពីបរទេសសម្រាប់ឆ្នាំ ២០២៥-២០២៧, ត្រូវបានព្យាករថានឹងបន្តកើនក្នុងរង្វង់ជាមធ្យមប្រមាណ ៨,៦% នៃ ផ.ស.ស. ដោយសារការបន្តកើននូវទំនុកចិត្តវិនិយោគ ជាមួយនឹងបរិយាកាសកាន់តែអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា តាមរយៈការអនុវត្ត «ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» និងគោលនយោបាយគាំទ្រមួយចំនួនទៀត។
ផ្អែកលើមូលដ្ឋាននេះ, ក្នុងរយៈពេលមធ្យមខាងមុខ, កម្ពុជារំពឹងថានឹងអាចទាក់ទាញវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់, ជាពិសេសក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរ។ ជាលទ្ធផល, ទុនបម្រុងអន្តរជាតិនឹងបន្តកើន ដោយមានទំហំជាមធ្យមប្រមាណ ៧ ខែ នៃការនាំចូល៕
ប្រភព៖ ក្រសួងព័ត៌មាន