ប្រធានាធិបតីអ៊ីរ៉ង់ លោក Raisi ជួបហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ បាត់ខ្លួននៅមិនទាន់រកឃើញ
ពលរដ្ឋអ៊ីរ៉ង់រាប់ពាន់នាក់ បាននាំគ្នាធ្វើការបួងសួង រង់ចាំដំណឹងអំពីការបាត់ខ្លួនរបស់លោកប្រធានាធិបតី Raisi ក្រោយជួបប្រទះហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅតាមតំបន់ភ្នំដែលចុះអ័ព្ទខ្លាំង កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ។
ពលរដ្ឋអ៊ីរ៉ង់ដែលជាជនជាតិម៉ូស្លីម បានប្រមូលផ្ដុំគ្នានៅតាមព្រះវិហារពាសពេញប្រទេស ដោយបង្ហាញក្ដីព្រួយបារម្ភ ខ្លះរហូតសម្រក់ទឹកភ្នែក ធ្វើការបួងសួង សុំឱ្យរកឃើញលោកប្រធានាធិបតីរបស់ខ្លួនមកវិញ ប្រកបដោយសុវត្ថិភាព។
គួរឱ្យដឹងថា បើតាមខាងរដ្ឋាភិបាលប្រទេសអ៊ីរ៉ង់ បានបញ្ជាក់កាលពីថ្ងៃទី ១៩ ខែឧសភា កន្លងទៅ ឧទ្ធម្ភាគចក្រដែលដឹកលោកប្រធានាធិបតី Raisi គឺតម្រូវឱ្យមានការចុះចតជាបន្ទាន់ អំឡុងពេលនៅតាមផ្លូវត្រឡប់ទៅទីក្រុង Tabriz វិញ ក្រោយមកពីការចូលរួមសម្ភោធទំនប់ Qiz Qalasi ដែលមានទីតាំងជាប់នឹង Azerbaijan។