ស្អែកនេះនៅភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន លើកំណាត់ផ្លូវមួយនេះ
រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៤ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងអំឡុងពេលប្រារព្ធមីទ្ទីងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី ៤ ឆ្នាំ ២០២៤ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបឱ្យបានដឹងថា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នឹងរៀបចំធ្វើមីទ្ទីងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី ៤ ឆ្នាំ ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៦:០០នាទី ដោយធ្វើការជួបជុំនៅទីស្នាក់ការមន្ទីរគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ ស្ថិតនៅដីឡូតិ៍លេខ ២៧៧០ លើផ្លូវម៉ៃដា (លេខ ២០០៤) ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានអ្នកចូលរួមចំនួន ១០០០០ នាក់ មកពីតាមបណ្តាខណ្ឌនានាក្នុងរាជធានីភ្នំពេញ។ បន្ទាប់មកធ្វើការដង្ហែក្បួនចេញពីទីតាំងជួបជុំទៅតាមផ្លូវសំខាន់ៗក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នពេញ បានបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេល នៃការជួបជុំធ្វើមីទ្ទីងបើកយុទ្ធនាការឃោសនានៅទីតាំងខាងលើនេះ អាចមានចរាចរ មមាញឹកខ្លាំងដោយសារមធ្យោបាយធ្វើដំណើររបស់សមាជិក-សមាជិកាគណបក្សដែលអញ្ជើញចូលរួម ដូចនេះសូមបងប្អូនប្រជាពលរដ្ឋដែលពុំមានការងារចាំបាច់ ពុំគួរធ្វើដំណើរឆ្លងកាត់តំបន់ប្រារព្ធពិធីឡើយ ចៀសវាងការកកស្ទះចរាចរណ៍កើតឡើង។ ដូច្នេះ រដ្ឋបាលរាជធានី សង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធមីទ្ទីង និងតាមដងផ្លូវហែក្បួនបើមិនមានការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖