ភ្នំ Erebus ដែលជាភ្នំភ្លើងសកម្ម និង ខ្ពស់ជាងគេបំផុតនៅអង់តាកទិច បានផ្ទុះភាយចេញកម្ទេចមាសអមមកជាមួយឧស្ម័នផ្សេងៗទៀត

ភ្នំភ្លើងមួយនៅទ្វីបអង់តាកទិច ឈ្មោះ Erebus មានកម្ពស់ ៣ ៧៩៤ ម៉ែត្រ បានធ្វើឱ្យអ្នកវិទ្យាសាស្ត្រមានការភ្ញាក់ផ្អើល ដោយសារភ្នំភ្លើងមួយនេះ ផ្ទុះបញ្ចេញឧស្ម័នជាច្រើនប្រភេទជារៀងរាល់ថ្ងៃ។

ជាមួយគ្នានោះដែរ ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញដែរថា ភ្នំ Erebus ដែលជាភ្នំភ្លើងសកម្ម និង ខ្ពស់ជាងគេបំផុតនៅអង់តាកទិច បានផ្ទុះភាយចេញកម្ទេចមាសអមមកជាមួយឧស្ម័នផ្សេងៗទៀត។ ការពិតទៅ ក្រុមភូគព្ភវិទូរបស់សហរដ្ឋអាមេរិក ធ្លាប់បានរកឃើញម្ដងរួចមកហើយ ក្នុងឆ្នាំ ១៩៩១ ហើយតាមការស្រាវជ្រាវថ្មីៗនេះទៀត បានបង្ហាញលទ្ធផលកាន់តែច្បាស់ៗដូចទៅនឹងការស្រាវជ្រាវកាលពីឆ្នាំ ១៩៩១ នោះដែរ។

តាំងពីពេលមុន និង ឥលូវនេះ អ្នកជំនាញបានរកឃើញកម្ទេចមាសក្នុងឧស្ម័នដែលភាយចេញពីភ្នំភ្លើង ក៏ដូចជានៅតាមព្រិលនៅជុំវិញនោះផងដែរ នេះបើតាមរបាយការណ៍ព័ត៌មានពី Interesting Engineering កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ។ ជាមួយគ្នានេះដែរ បើតាមការវាយតម្លៃពីអ្នកវិទ្យាសាស្ត្រ បានបង្ហាញឱ្យឃើញថា បរិមាណកម្ទេចមាសដែលខ្ទាតចេញពីភ្នំភ្លើងជារៀងរាល់ថ្ងៃ គឺប្រមាណជា ៨០ ក្រាម បើគិតជាតម្លៃប្រមាណ ៦ ពាន់ដុល្លារ។

លោក Philip Kyle អ្នកស្រាវជ្រាវប្រចាំវិទ្យាស្ថានរុករករ៉ែ និងបច្ចេកវិទ្យា (New Mexico Institute of Mining and Technology) នាកោះ Socorro បានពន្យល់ថា កម្ទេចមាសទាំងនោះ អាចមានប្រភពមកពីថ្មក្នុងភ្នំភ្លើងនោះ ដូចនេះ នៅពេលដែលភ្នំភ្លើងផ្ទុះ បញ្ចេញឧស្ម័នឡើងមកលើ ក៏នាំយកកម្ទេចមាសទាំងនោះមកជាមួយដែរ។ គួរបញ្ជាក់ដែរថា ភ្នំ Erebus គែជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងសកម្មចំនួន ១៣៨ នៅអង់តាកទិច ដែលមានទីតាំងស្ថិតនៅលើកោះ Ross។

អត្ថបទដែលជាប់ទាក់ទង