កូនអាយុ ៣ ឆ្នាំកំពុងពេញស្រឡាញ់ ត្រូវព្រះភូមិធ្លាក់សង្កត់ បាត់បង់ជី-វិ.ត នៅបាត់ដំបង
ជារឿងដ៏គួរឱ្យសោកស្ដាយ និងរំជួលចិត្តបំផុត ក្មេងប្រុសមួយរូប មានឈ្មោះ សាវ វណ្ណះឧត្តម ភេទប្រុស អាយុ ៣ ឆ្នាំ រស់នៅភូមិផ្លូវដំរីក្រោម ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបានព្រះភូមិធ្លាក់សង្កត់ នៅចំណុចក្រុមទី ២០ ភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង កើតហេតុនៅវេលាម៉ោង ១០ និង ៤០ នាទី ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៤។
ទាក់ទិនទៅនឹងករណីដ៏រន្ធត់ចិត្តនេះ តាមប្រភពអធិការដ្ឋាននគរបាលស្រុកថ្មគោល បានបញ្ជាក់ឱ្យដឹងថា មុនកើតហេតុ ដោយសារឪពុកបង្កើតរបស់ជនរងគ្រោះឈ្មោះ ប៉ែន សាវ អាយុ ៥៨ ឆ្នាំ ជាប់រវល់ទៅធ្វើការនៅខេត្តបាត់ដំបង បានផ្ញើកូនរបស់ខ្លួន ឈ្មោះសាវ វណ្ណៈឧត្តម ភេទ ប្រុស អាយុ ៣ ឆ្នាំ ទៅនឹងបងស្រីបង្កើតរបស់ខ្លួនឈ្មោះប៉ែន សឿប អាយុ ៦៣ ឆ្នាំ រស់នៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយក្នុងពេលនោះ ជនរងគ្រោះក៏បានលេងជាមួយក្មេងៗត្រូវជាបងប្អូនជីដូនមួយរបស់ខ្លួននៅកន្លែងព្រះភូមិ ហើយជនរងគ្រោះបានតោងព្រះភូមិ បណ្ដាលឱ្យធ្លាក់មកចំសៀតផ្កាខាងឆ្វេងបណ្ដាលឱ្យស្លាប់។
ករណីនេះផងដែរ បើតាមការបំភ្លឺរបស់ឈ្មោះ ឡេន ដូច ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង (ត្រូវជាបងជីដូនមួយរបស់ជនរងគ្រោះ) បានបំភ្លឺថា នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោងប្រហែល ៩៖០០ នាទី ខ្លួននៅផ្ទះកំពុងរៀបចំដាំបាយធ្វើម្ហូប នៅផ្ទះបាយខាងក្រោយ ពេលនោះខ្លួនបានឃើញក្មេងៗត្រូវជាប្អូនជីដូនមួយរបស់ខ្លួននាំគ្នារត់លេងនៅមុខផ្ទះនៅកន្លែងព្រះភូមិ មាន ៖
១-ឈ្មោះ រ៉ា ឆានុន ភេទប្រុសអាយុ ៧ ឆ្នាំ
២-ឈ្មោះ សាវ សាម៉ិក ភេទស្រីអាយុ ១១ ឆ្នាំ
៣-ឈ្មោះ សាវ វណ្ណៈឧត្តម ភេទប្រុសអាយុ ៣ ឆ្នាំ (សាកសព)
លុះនៅម៉ោងប្រហែល ១០៖៤០ នាទី ខ្លួនក៏បានឮសំឡេងប្អូនស្រីជីដូនមួយរបស់ខ្លួនឈ្មោះសាវ សាម៉ិក បានស្រែកថាជួយប្អូនគាត់ផង ពេលនោះខ្លួនក៏បានរត់មកមើលហើយក៏បានឃើញឈ្មោះសាវ សាម៉ិក កំពុងតែស្រែកយំ បីប្អូនរបស់វាឈ្មោះ សាវ វណ្ណៈឧត្តម ប្រឡាក់សុទ្ធតែឈាម ហើយខ្លួនក៏បានមើលទៅកន្លែងព្រះភូមិឃើញព្រះភូមិធ្លាក់មកដល់ដី ដោយខ្លួនឃើញជនរងគ្រោះហូរឈាមតាមមាត់និងច្រមុះខ្លួនក៏បានលើកជនរងគ្រោះមុខដាក់លើគ្រែនៅសំយាបខាងមុខផ្ទះ រួចខ្លួនក៏បានប្រើឱ្យឈ្មោះរ៉ា ឆានុន ឱ្យទៅហៅម្ដាយរបស់ខ្លួនឈ្មោះប៉ែន សឿប ដែលនៅកន្លែងបុណ្យសពគេ នៅភូមិត្រាង ចុងខាងលិចភូមិ ចំណែកខ្លួនក៏បានជិះម៉ូតូទៅរកគ្រូពេទ្យនៅឯភូមិព្រៃដាច់តែមិនបានជួបពេទ្យទេ ហើយខ្លួនក៏បានជិះម៉ូតូត្រឡប់មកផ្ទះវិញ ពេលត្រឡប់មកដល់ផ្ទះវិញក៏ឃើញបងប្អូនអ្នកជិតខាងបាននាំគ្នាជួយមើល ហើយបានប្រាប់ខ្លួនថា ប្អូនជីដូនមួយរបស់ខ្លួនឈ្មោះសាវ វណ្ណៈឧត្តម បានស្លាប់បាត់ហើយ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះពិតជាស្លាប់ដោយសារ ព្រះភូមិធ្លាក់សង្កត់ចំសៀតផ្ការបណ្ដាលឱ្យស្លាប់ បច្ចុប្បន្នសពបានប្រគល់ឱ្យឈ្មោះ ប៉ែន សាវ ត្រូវជាឪពុកបង្កើតរបស់សាកសព ធ្វើបុណ្យតាមប្រពៃណី៕
ប្រភព ៖ សន្តិភាព