បង្ក្រាបករណីគ្រឿងញៀន នៅបន្ទប់សណ្ឋាគារកណ្ដាលសួន ឃាត់ខ្លួនជនជាតិវៀតណាម ១៦នាក់
(ភ្នំពេញ)៖ បង្ក្រាបជាក់ស្ដែង ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅសណ្ឋាគារកណ្ដាលសួន (ទល់មុខការ៉ាអូខេ BOEING) ចំណុចបន្ទប់ A835, 823 និង 821 សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនិយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
មន្ត្រីគនរបាលជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះថា ការបង្ក្រាបជាក់ស្តែងករណីគ្រឿងញៀនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ដោយឃាត់ខ្លួនជនសង្ស័យសរុប ១៦នាក់ (ស្រី៨នាក់) ជនជាតិវៀតណាម។
កម្លាំងសមត្ថកិច្ចជំនាញបានដកហូត វត្ថុតាងសារធាតុញៀនមួយចំនួន ខណៈជនសង្ស័យបានចាក់គ្រឿងញៀនចូលក្នុងបង្គន់ប្រមាណ ០១គីឡូក្រាមផងដែរ រួមទាំងវត្ថុតាងមួយចំនួនទៀតដូចជា ទូរស័ព្ទចំនួន ២៥គ្រឿង, Laptob ចំនួន ១គ្រឿង, ម៉ាស៊ីនចាក់ភ្លេងចំនួន ២គ្រឿង។
សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាប មេខ្លោង អ្នកជូញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿង ប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ៕