គួរឱ្យសរសើរ! ក្នុងខេត្ត ២ នេះ មានតូបបរិច្ចាគ ឧបត្ថម្ភរបស់ប្រើប្រាស់ដល់អ្នកខ្សត់
ជាគំរូគួរឱ្យគោរពសរសើរ តាមរយៈការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមកន្លងមក គេសង្កេតឃើញមានខេត្តចំនួន ២ នៅកម្ពុជា បានរៀបចំនូវសកម្មភាពមនុស្សធម៌ដ៏សាមញ្ញមួយ តែអាចផ្ដល់ប្រយោជន៍ដ៏មានអត្ថន័យចំពោះអ្នកខ្វះខាតក្រខ្សត់ នោះគឺតូបសម្រាប់បរិច្ចាគ ឬផ្ទះសម្រាប់បរិច្ចាគជាដើម ជាសកម្មភាពដែលគួរតែមានច្រើនជាងនេះ និងជាគំរូនៃការចែករំលែកអំពើល្អ គួរឱ្យគោរពសរសើរបំផុត។
កន្លែងបរិច្ចាគចំនួន ២ នោះមានដូចជា ៖
១. ផ្ទះបរិច្ចាគ ក្នុងខេត្តប៉ៃលិន
«ផ្ទះបរិច្ចាគ» គឺមានទីតាំងស្ថិតនៅជាប់របងសាលាខេត្តប៉ៃលិនផ្ទាល់តែម្ដង។ សម្រាប់បងប្អូនមានចិត្តសប្បុរស អាចយកជាសម្ភារប្រើប្រាស់ ឬ គ្រឿងឧបភោគបរិភោគ យកមកដាក់ចូលរួមក្នុងផ្ទះបរិច្ចាគបាន ហើយសម្រាប់បងប្អូនដែលមានជីវភាពខ្វះខាតអាចទៅយកសម្ភារប្រើប្រាស់ ឬ គ្រឿងឧបភោគបរិភោគក្នុងផ្ទះបរិច្ចាគបាន (១ គ្រួសារអាចយកបាន ១ កញ្ចប់) ផ្ដល់ជូនចំពោះតែអ្នកមានជីវភាពខ្វះខាត។
២. តូបបរិច្ចាគ ក្នុងខេត្តកំពង់ចាម
តូបបរិច្ចាគទានមួយនេះ បង្កើតឡើងតាមរយៈទស្សនៈ «ចាស់យើង ប៉ុន្តែពិតជាថ្មីសម្រាប់អ្នកអត់» មានទីតាំងស្ថិតនៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដូច្នេះប្រសិនបើបងប្អូនមានសម្ភារៈឈប់ប្រើប្រាស់ និងចង់ចែករំលែកបន្ត សូមផ្ញើតាមរយៈវីរៈប៊ុនថាំ ផ្សារផ្អាវ កំពង់ចាម ឬតាមរយៈទូរស័ព្ទលេខ 097 87 25 782៕