ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៤ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក។
ក្រសួងសុខាភិបាល បានធ្វើការក្រើនរំឭកដល់សាធារណជន ជាពិសេស យុវវ័យ ក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-cigarettes) ដែលបង្កគ្រោះថ្នាក់លើសុខភាពធ្ងន់ធ្ងរ។ បារីអេឡិចត្រូនិក មានសារធាតុនីកូទីន និងសារធាតុគ្រោះថ្នាក់ជាច្រើនទៀត ដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។
បារីអេឡិចត្រូនិក ឬវេប គឺជាឧបករណ៍ដែលប្រើប្រាស់ ថាមពលថ្ម បង្កើតជាកម្ដៅដុតអង្គធាតុរាវ ដើម្បីបង្កើតជាចំហាយសម្រាប់ជក់ ឬបឺត ដែលចំហាយចេញពីបារី អេឡិចត្រូនិក មានសារធាតុដែលមានគ្រោះថ្នាក់ ដូចជា៖
-នីកូទីន (Nicotine)
– ភាគល្អិតតូចៗដែលអាចស្រូបចូលជ្រៅទៅក្នុងសួត
– សារធាតុគីមីដែលមានក្លិនដូចជា Diacetyl ដែលអាចបណ្តាលឱ្យមានជំងឺសួតធ្ងន់ធ្ងរ
– បង់សែន (Benzene) ជាសារធាតុសរីរាង្គ មានក្នុងផ្សែងរថយន្ត
– សារធាតុគីមី ដែលអាចបណ្តាលឱ្យកើតជំងឺមហារីកដូចជា Acetaldehyde និង Formaldehyde
– ក្រុមលោហៈធ្ងន់ដូចជា នីកែល សំណប៉ាហាំង និងសំណ។
បារីអេឡិចត្រូនិក បង្កផលប៉ះពាល់លើសុខភាពដោយសារនីកូទីន ជាសារធាតុដែលបណ្តាលឱ្យញៀនខ្លាំង បង្កគ្រោះថ្នាក់ចំពោះស្ត្រីមានផ្ទៃពោះ និងការលូតលាស់ទារកក្នុងផ្ទៃ ប៉ះពាល់ដល់ការលូតលាស់ ខួរក្បាលចំពោះយុវវ័យ និងមុខងារនៃការត្រួតពិនិត្យរបស់ខួរក្បាល ដែលនាំឱ្យមានការថយចុះនៃការផ្ចង់ អារម្មណ៍ ការរៀនសូត្រ និងការគ្រប់គ្រងកំហឹង ព្រមទាំងប្រឈមនឹងការញៀននឹងសារធាតុញៀនផ្សេងទៀត។
យ៉ាងណាមិញ នីកូទីនក៏ដូចសារធាតុញៀនដទៃទៀតបណ្តាលឱ្យមានការប្រែប្រួលផ្លូវចិត្ត(Mood)។ ការប្រើប្រាស់នីកូទីនអាចបណ្តាលឱ្យសំដែងចេញជាភាពមួរម៉ៅ រសាប់រសល់ ថប់បារម្ភ ឬអស់សង្ឃឹម វិបត្តិនៃការគេង ពិបាកផ្ចង់អារម្មណ៍ និងសន្ទុះចិត្តចង់ប្រើនីកូទីន៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖