ករណីនៅតាមព្រំដែនជាប់ថៃ បង់ថ្លៃភ្លើង គិតជាលុយបាតថៃ ពេលនេះ ខាងអគ្គីសនីបញ្ជាក់ហើយ គឺដោយសារមូលហេតុនេះ
នាពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាភ្ញាក់ផ្អើល និងផ្ទុះប្រតិកម្ម ក្រោយពីឃើញមានគណនីមួយបានបង្ហោះឱ្យដឹងថា ក្រុមហ៊ុនអគ្គិសនីឯកជន អានកូ ប្រាឌ័រ ខូអិលធីឌី (ANCO BROTHERS CO., LTD) ដែលផ្គត់ផ្គង់អគ្គិសនីនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចេញវិក្កយបត្រថ្លៃអគ្គិសនី គិតជាលុយបាត របស់ថៃ នៅលើទឹកដីខ្មែរ។
ទាក់ទិនទៅនឹងករណីនេះ បើតាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុក ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា លោក យឹម វិសិដ្ឋ នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៤ នេះ បានពន្យល់ថា ៖ «សូមបញ្ជាក់ជូនថា នៅមានតំបន់មួយចំនួនតូច នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កំពុងយកប្រភពអគ្គិសនីពីប្រទេសថៃ ហើយកិច្ចសន្យាទិញភ្លើងពីប្រទេសថៃ ត្រូវទូទាត់ជាលុយបាត។ នៅដំណាក់កាលដំបូង ការបង់ថ្លៃអគ្គិសនីរបស់អតិថិជនប្រើប្រាស់អគ្គិសនីទៅឱ្យក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី គឺតម្រូវឱ្យបង់ជាលុយបាត»។
លោក យឹម វិសិដ្ឋ បានបន្តទៀតថា ៖ «ប៉ុន្តែ សព្វថ្ងៃនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានកំណត់ឱ្យក្រុមហ៊ុនទទួលយកការបង់ថ្លៃប្រើប្រាស់អគ្គិសនីជាលុយរៀល និងលុយបាត ដូច្នេះ អតិថិជនមានសិទ្ធិបង់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែជាលុយរៀលក៏បាន ជាលុយបាតក៏បាន ដោយអនុវត្តអត្រាប្តូរប្រាក់ ទៅតាមអត្រាប្តូរប្រាក់នៃថ្ងៃ»៕
ប្រភព ៖ Fresh News