អន្តរជាតិ មនុស្ស ១៦នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះអណ្តូងរ៉ែដ៏ធំមួយនៅប្រទេសចិន
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះអណ្តូងរ៉ែដ៏ធំមួយនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី២៥ ខែកញ្ញានេះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Guizhou ភាគខាងត្បូងប្រទេសចិន និងបានកើតឡើងនៅយប់ថ្ងៃអាទិត្យកន្លងទៅនេះ។
ប្រភពខាងលើបានបន្តថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺសុទ្ធតែជាក្រុមកម្មករដែលកំពុងតែបំពេញការងារនៅក្នុងអណ្តូងរ៉ែនោះផ្ទាល់តែម្តង ហើយរហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានដឹងអំពីមូលហេតុពិតប្រាកដដែលបង្កឲ្យមានភ្លើងឆេះនេះនៅឡើយទេ។ ដោយឡែកចំពោះចំនួនជនរងគ្រោះវិញគឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ខណៈអាជ្ញាធរចិនកំពុងបើកការស៊ើបអង្កេតករណីនេះជាបន្ទាន់៕