ACU ឃាត់ខ្លួនគ្រូបង្រៀន ២ នាក់ និងមន្ត្រីក្រសួងម្នាក់ ករណីរត់ការចូលក្របខណ្ឌរដ្ឋខុសច្បាប់ យកលុយចាប់ពី ១ ម៉ឺនដុល្លារឡើង
នៅរសៀលថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៤ តាមរយៈការចុះផ្សាយព័ត៌មានក្នុងស្រុក បានបញ្ជាក់ឱ្យបានដឹងថា នៅថ្ងៃនេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួន និងបញ្ជូនជនសង្ស័យចំនួន ៣ នាក់ ទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ដែលក្នុងនោះមានគ្រូបង្រៀន ២ នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ ពាក់ព័ន្ធនឹងករណីរត់ការចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នផ្សេងទៀតផងដែរ។
បើតាមការឱ្យដឹងពីប្រភពព័ត៌មានបានឱ្យដឹងពីអត្តសញ្ញាញរបស់ ជនសង្ស័យទាំង ៣ នាក់រួមមាន ៖
១. ឈ្មោះ នង រុន ភេទប្រុស អាយុ ៣៨ ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យសុខអានព្រៃសណ្តែក
២. ឈ្មោះ ស៊ុន ពេជ្រសុមាលី ភេទស្រី អាយុ ៤៣ ឆ្នាំ ជាគ្រូបង្រៀនសាលាបឋមសិក្សាធន់មន់
៣. ឈ្មោះ ហ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទ នៃក្រសួងផែនការ។
បើតាមរបាយការណ៍បានឱ្យដឹងបន្ថែមទៀតថា ជនសង្ស័យទាំង ៣ នាក់ ត្រូវបាន ACU រកឃើញថា បានសហការគ្នារត់ការបញ្ចូលចូលក្របខណ្ឌរដ្ឋ ដោយខុសច្បាប់តាំងពីឆ្នាំ ២០២៣ ដល់ដើមខែឧសភា ឆ្នាំ ២០២៤ ក្នុងនោះមានសកម្មភាពដូចជា ការរត់ការចូលក្របខណ្ឌរដ្ឋ ការរត់ការចូលក្របខណ្ឌគ្រូបង្រៀន និងក្របខណ្ឌក្រសួងផ្សេងៗទៀត ការទទួលធ្វើសញ្ញាបត្រក្លែងក្លាយគ្រប់ប្រភេទ ដូចជា សញ្ញាបត្របាក់ឌុប សញ្ញាបត្របរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជាដើម ក្នុងតម្លៃចាប់ពី ៤៥០ ដុល្លារអាមេរិក ដល់ ១.៥០០ ដុល្លារអាមេរិក។
ចំពោះការរត់ការចូលក្របខណ្ឌរដ្ឋវិញ គឺយកតម្លៃចាប់ពី ១១ ០០០ ដុល្លារអាមេរិក ដល់ ១៦ ០០០ ដុល្លារអាមេរិក តាមប្រភេទក្របខណ្ឌផ្សេងៗគ្នា៕
ប្រភព ៖ Fresh News