ចាប់បានជនសង្ស័យ ៣ នាក់ទៀត ករណីរំ.លោ-ភក្មេងស្រីនៅសៀមរាប បច្ចុប្បន្នឃុំខ្លួនសរុបបាន ៨ នាក់

សាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការឃុំខ្លួនជនត្រូវចោទចំនួន ៣ នាក់បន្ថែម ក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ៥៦៥ ចុះថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស។

ក្នុងនោះ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ មន្ត្រីនគរបាលយុត្តិធម៌បាននាំខ្លួន ជនត្រូវចោទចំនួន ៣ នាក់ បន្ថែមទៀត មកបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរ ពាក់ព័ន្ធនឹងសំណុំរឿងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសខាងលើ។

ក្រោយពីបានសួរចម្លើយជនត្រូវចោទទាំងបីនាក់រួចមក និងបានពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់ ចៅក្រម ស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទខាងលើជាបណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ផងដែរថា គិតមកដល់ត្រឹមថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៤ ជនត្រូវចោទដែលមានការពាក់ព័ន្ធនៅក្នុងសំណុំរឿងខាងលើ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នបានចំនួន ៨ នាក់រួចហើយ។

សាលាដំបូងខេត្តសៀមរាប នឹងបន្តចាត់ការសំណុំរឿងនេះឱ្យបានឆាប់រហ័ស និងត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីរកយុត្តិធម៌ជូនអ្នកពាក់ព័ន្ធទាំងអស់។

សូមរំឭកផងដែរថា កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ លោកស្រី ម៉ម សុម៉ាលី បានបង្ហោះសារយ៉ាងឈឺចិត្តនៅលើហ្វេសប៊ុកថា មានករណីក្មេងស្រីអាយុ ១៥ ឆ្នាំម្នាក់ នៅខេត្តសៀមរាប ត្រូវបានជនសង្ស័យរំលោភបូករហូតដល់ទៅ ២០ នាក់ យ៉ាងព្រៃផ្សៃ លុះពេលសមត្ថកិច្ចចាប់បានជនល្មើស ពុកបង្កើតក៏ខឹងពេកវាយទៅជនបង្ក ស្រាប់តែឪពុកត្រូវជាប់គុក រីឯជនល្មើស ១៤ នាក់ទៀតនៅក្រៅឃុំទៅវិញ។

ក្រោយមានរឿងហេតុបែបនេះ ឪពុករបស់ជនរងគ្រោះត្រូវបានឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានសម្របសម្រួលឱ្យឪពុកក្មេងស្រីបាននៅក្រៅឃុំ និង ជួបជួនជាមួយកូនស្រីរបស់ខ្លួនវិញហើយ ខណៈខាងសាលាដំបូងកំពុងធ្វើការងារទៅលើសំណុំរឿងមួយនេះបន្ត៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

ប្រភព ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

អត្ថបទដែលជាប់ទាក់ទង