មិនចប់ត្រឹមសុំទោសរួចខ្លួនទេ ពេលនេះ ហ័ងហ័ង លក់អនឡាញ ត្រូវជនរងគ្រោះ ៣ រូបដែលរងការប្រមាថ ប្តឹងបន្តទៅសាលាដំបូងខេត្តហើយ
ពេលថ្មីៗកន្លងទៅនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងការមិនពេញចិត្ត ចំពោះទង្វើររបស់ប្ដីប្រពន្ធមួយគូជាអ្នកប្រកបអាជីពលក់ខោអាវអនឡាញ បានប្រើប្រាស់ពាក្យសម្ដីជេរប្រមាថអសីលធម៌ទៅកាន់អតិថិជនខ្លួន នាំឱ្យផ្ទុះការចែករំលែកពេញបណ្ដាញសង្គម។
បន្ទាប់ពីផ្ទុះការប្រតិកម្ម នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ អ្នកលក់អនឡាញដែលមានឈ្មោះ ហ័ងហ័ង និង ស្វាមី បានចេញមុខមកទទួលស្គាល់កំហុសរបស់ខ្លួន និង សុំទោសជាសាធារណ: ហើយធ្វើលិខិតសន្យាឈប់ប្រព្រឹត្តទង្វើអសីលធម៌ទៀតហើយ នៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាកំរើក ខេត្តសៀមរាប។
យ៉ាងណាមិញ ទោះបីជាបុគ្គលខាងលើបានចេញមុខសុំទោស និង ធ្វើលិខិតសន្យាក្ដី នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២៤ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកជំទាវ ញ៉ែម មរកត បានបង្ហោះបញ្ជាក់ឱ្យបានដឹងថា ជនរងគ្រោះ ៣ រូបដែលត្រូវ ហ័ងហ័ង លក់អនឡាញ ជេរប្រមាថយ៉ាងចាស់ដៃនោះ បានដាក់ពាក្យបណ្តឹងទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។ លោកជំទាវបានបញ្ជាក់ឱ្យដឹងទៀតថា ៖ «តាមសំណូមពរ ដោយពួកគាត់នៅខេត្តផ្សេងៗគ្នា ខ្ញុំបានជួយសម្រួលយកពាក្យបណ្តឹងទៅដាក់នៅតុលាការរួចរាល់ អ្នកចង់ប្តឹងបន្តដាក់តាមក្រោយទៀត»៕